ភ្នំពេញ៖ លោក កឹម សុខា នឹងជួបជាមួយលោកស្រី Tina Redshaw ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជានៅ ថ្ងៃទី១៤ ខែវិច្ឆិកា ក្នុងគេហដ្ឋានរបស់លោកៈ ផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើតាមការលើកឡើង របស់ លោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន។
សូមរំលឹកថា បន្ទាប់ពីបានជាប់ឃុំ ក្នុងពន្ធនាគារត្រពាំងផ្លុង និងជាប់ក្នុងផ្ទះ អស់ប្រមាណជាង២ឆ្នាំ ពីបទក្បត់ជាតិ លោក កឹម សុខ ត្រូវបានតុលាការ សម្រេចបន្ធូរបន្ថយលក្ខន្តិកៈ ត្រួតពិនិត្យផ្លូវច្បាប់កាលពីថ្ងៃទី១០ ខែ វិច្ឆិកាឆ្នាំ២០១៩ ប៉ុន្តែស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ដោយមិនត្រូវចេញក្រៅ ព្រំប្រទល់ដែនដីកម្ពុជា, មិនត្រូវធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតប នឹងការកោះហៅពីគ្រប់សមត្ថកិច្ច។
ក្រោយទទួលបាន ការបន្ធូរបន្ថយលក្ខន្តិកៈ ត្រួតពិនិត្យផ្លូវច្បាប់ លោក កឹម សុខា បានជួបជាមួយបណ្ដាអង្គទូត នៃប្រទេសមហាអំណាចនានា ជាបន្តបន្ទាប់ រួមមាន៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy , ឯកអគ្គរដ្ឋទូតបារាំង , ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ ឯកអគ្គរដ្ឋទូតអូស្ត្រាលី និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ៕