ព័ត៌មានជាតិ

ត្រីផ្សោតមួយក្បាល ទម្ងន់ជាង១០០គីឡូ ងាប់នៅក្រចេះ

ភ្នំពេញ ៖ បើតាមការប្រកាស របស់អង្គការ WWF នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបង្ហាញ ពីដំណឹងដ៏ក្រៀមក្រំបំផុត ដែលបានបាត់បង់ សត្វផ្សោតទន្លេមេគង្គមួយទៀតហើយ ក្នុងខេត្តក្រចេះ។

សត្វផ្សោតញីមួយក្បាល ត្រូវបានប្រទះឃើញស្លាប់ នៅអន្លង់ព្រះសង្ឃ ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ថ្ងៃ១២ ខវិច្ឆិកា ។

តាមរយៈការធ្វើកោសល្យវិច័យ ក្រុមការងារស្រាវជ្រាវសត្វផ្សោត បានពិនិត្យឃើញថា សត្វផ្សោតដែលស្លាប់នោះ មានទម្ងន់ ១១០ គីឡូក្រាម និងមានប្រវែង ២២៧ សង់ទីម៉ែត ហើយមូលហេតុនៃការស្លាប់ បណ្តាលមកពីកន្លុយរបស់វា បានជាប់មងនេសាទ។

សត្វផ្សោតទន្លេមេគង្គ ដែលកំពុងរស់នៅ តាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែង នៅតែទទួលរងការគម្រាមកំហែង ដោយការនេសាទខុសច្បាប់ ហើយមងនេសាទខុសច្បាប់ ក្នុងតំបន់ការពារសត្វផ្សោត នៅតែជាកត្តាចម្បងមួយ នៃការស្លាប់របស់សត្វផ្សោតទន្លេមេគង្គ។ ដូច្នេះ ដើម្បីការពារ ថែរក្សាសត្វផ្សោតទន្លេមេគង្គ ចូលរួមបញ្ឈប់ រាល់ការនេសាទខុសច្បាប់ទាំងឡាយ ជាពិសេសការនេសាទខុសច្បាប់ នៅក្នុងតំបន់អភិរក្ស សត្វផ្សោតទន្លេមេគង្គ៕

To Top