នយោបាយ

ទូតជប៉ុនសរសើរ ពីភាពអត់ធ្មត់របស់ លោក កឹម សុខា ដើម្បីផលប្រយោជន៍ជាតិ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ភ្នំពេញ៖ បន្ថែមពីការជួបសួរសុខទុក្ខ លោក ម៉ាសាហ៊ីរ៉ូ មីកាមី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានលើកសរសើរពីភាពអត់ធ្មត់ របស់ លោក កឹម សុខា ដើម្បីផលប្រយោជន៍ជាតិ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

នេះបើតាមលោក មុត ចន្ថា នាយខុទ្ទកាល័យ លោក កឹម សុខា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបរវាង លោក កឹម សុខា និង លោក ម៉ាសាហ៊ីរ៉ូ មីកាមី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានៅល្ងាចថ្ងៃទី១៣ ខែ វិច្ឆិកា។

លោក មុត ចន្ថាបញ្ជាក់ថា “ឯកឧត្ត មឯកអគ្គរាជទូត លោកបានសរសើរ ចំពោះឯកឧត្តម​កឹម សុខា ដែលលោក មានការអត់ធ្មត់ដើម្បីផលប្រយោជន៍ជាតិ និងលទ្ធិប្រជាធិបតេយ្យ “។

លោកបន្ថែមថា ” ជំនួបនេះក៏មិនខុស ពីជំនួបមុនៗនោះទេ គឺមកសួរសុខទុក្ខ សុខមាលភាព និងបញ្ហាសុខភាពរបស់ លោក កឹម សុខា តែប៉ុណ្ណោះ ។

លោក មុត ចន្ថា ឲ្យដឹងបន្ថែមថា លោក កឹម សុខា ជាអ្នកបដិបត្តិច្បាប់ មានគោលជំហរ និងគោលការណ៍ច្បាស់ អ្វីដែលផ្ទុយពីគោលការណ៍ និងច្បាប់ គឺលោក កឹម សុខាមិនធ្វើនោះទេ លោក កឹម សុខា មានជំហរច្បាស់លាស់ ក្នុងការបតិបត្តិច្បាប់។

សូមរំលឹកថា បន្ទាប់ពីបានជាប់ឃុំ ក្នុងពន្ធនាគារ ត្រពាំងផ្លុង និងជាប់ក្នុងផ្ទះអស់ប្រមាណ ជាង២ឆ្នាំ ពីបទក្បត់ជាតិ លោក កឹម សុខ ត្រូវបានតុលាការសម្រេច បន្ធូរបន្ថយលក្ខន្តិកៈ ត្រួតពិនិត្យផ្លូវច្បាប់ កាលពីថ្ងៃទី១០ ខែ វិច្ឆិកាឆ្នាំ២០១៩ ប៉ុន្តែស្ថិតក្រោម ការត្រួតពិនិត្យ តាមផ្លូវតុលាការ ដោយមិនត្រូវចេញក្រៅ ព្រំប្រទល់ដែនដីកម្ពុជា ,មិនត្រូវធ្វើសកម្មភាព នយោបាយ និងត្រូវឆ្លើយតបនឹង ការកោះហៅពី គ្រប់សមត្ថកិច្ច។

ក្រោយទទួលបាន ការបន្ធូរបន្ថយ លក្ខន្តិកៈត្រួតពិនិត្យផ្លូវច្បាប់ លោក កឹម សុខា បានជួបជាមួយបណ្ដាអង្គទូត នៃប្រទេសមហាអំណាច នានាជាបន្តបន្ទាប់ រួមមាន៖ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោក Patrick Murphy , ឯកអគ្គរដ្ឋទូតបារាំង , ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ឯកអគ្គរាជទូតជប៉ុន និងបន្តជួបឯកអគ្គរាជទូត អង់គ្លេស នៅថ្ងៃស្អែកផងដែរ ៕

To Top