ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បាននិងកំពុងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា រោងចក្រស៊ីម៉ង់តិ៍ ថៃ ប៊ុនរ៉ុង នេះសាងសង់លើផ្ទៃដីទំហំជិត ៧០០ហិកតា បំពាក់ដោយឧបករណ៍បច្ចេកទេសទំនើប ហើយមានសមត្ថភាពផលិតស៊ីម៉ង់តិ៍បានប្រមាណ ២,៥០០តោនក្នុងមួយថ្ងៃ ស្មើនឹងជិត១លានតោនក្នុងមួយឆ្នាំ។ វត្តមានរោងចក្រស៊ីម៉ង់តិ៍ ថៃ ប៊ុនរ៉ុងនេះ បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ។ រោងចក្រនេះ អាចផ្តល់ការងារអចិន្ត្រៃយ៍ ដល់បុគ្គលិកប្រមាណ ៣៣៥នាក់ ក្នុងនោះមានជនជាតិបរទេសប្រមាណ ៣៥នាក់ផង។ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់តិ៍ចំនួន៥ហើយ រាប់ទាំងរោងចក្រស៊ីម៉ង់តិ៍ ថៃ ប៊ុនរ៉ុង ដែលដាក់ឱ្យដំណើរការជាផ្លូវការនៅព្រឹកនេះ ហើយរោងចក្រទាំង៥នេះ អាចផលិតស៊ីម៉ង់តិ៍បានជិត ៨លានតោនក្នុងមួយឆ្នាំ៕