ព័ត៌មានជាតិ

កូរ៉េខាងជើង ព្រមានសហរដ្ឋអាមេរិក មិនឲ្យប្រព្រឹត្តដោយមិនយកចិត្តទុកដាក់

បរទេស៖ ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ បានធ្វើការព្រមានសហរដ្ឋអាមេរិក មិនឲ្យចូលរួមពាក់ព័ន្ធក្នុងសហសមយុទ្ធជាមួយប្រទេសកូរ៉េខាងត្បូង ស្របពេលដែលកាសែតគាំទ្រទីក្រុងព្យុងយ៉ាងនៅក្នុងប្រទេសជប៉ុន បាននិយាយថា កាលផុតកំណត់សម្រាប់កិច្ចពិភាក្សាគ្នារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង បានខិតចូលមកជិតហើយ។ 

គណៈកម្មាធិការទទួលបន្ទុកកិច្ចការរដ្ឋរបស់ទីក្រុងព្យុងយ៉ាង បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា សហសមយុទ្ធអាចនឹងធ្វើឲ្យ ស្ថានភាពលើឧបទ្វីបកូរ៉េមានសភាពធ្ងន់ធ្ងរឡើង និងថា ទង្វើខ្វះការពិចារណារបស់សហរដ្ឋអាមេរិក អាចនឹងរុញច្រានកូរ៉េខាងជើង ឲ្យដើរលើផ្លូវថ្មី។ 

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍ថា គណៈកម្មាធិការទទួលបន្ទុកកិច្ចការរដ្ឋរបស់ទីក្រុងព្យុងយ៉ាងនោះបាននិយាយបន្ថែមទៀតថា សមយុទ្ធដែលគ្រោងធ្វើឡើងណាមួយ អាចនឹងក្លាយជាកត្តាចម្បង នៅក្នុងដំណើរធ្វើឲ្យតានតឹងកាន់តែខ្លាំង ដោយចៀសមិនផុត៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top