ព័ត៌មានជាតិ

ប្រមុខ UN ស្ងើចសរសើរអនាម័យល្អ ក្រោយពេលបុណ្យអុំទូក

ភ្នំពេញ៖ លោកស្រី ផូលីន ថាម៉េស៊ីល ប្រធានអង្គការសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសម្តែងការកោតសរសើរ ចំពោះការចូលរួម របស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ដែលធ្វើឱ្យសោភ័ណភាពរាជធានីភ្នំពេញ មានភាពស្រស់បំព្រង ជាពិសេសក្រោយពេលព្រះរាជពិធីបុណ្យអុំទូក មិនមានសំរាមរាយប៉ាយ។

ថ្លែងនៅក្នុងជំនួបជាមួយ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោកស្រី ផូលីន បានចាប់អារម្មណ៍ខ្លាំង លើបញ្ហាអនាម័យបរិស្ថាន ក្នុងរាជធានីភ្នំពេញ ដោយឡែកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលបានបញ្ចាប់ដោយជោគជ័យ និងសប្បាយរីករាយ។ នេះតាមបណ្តាញសង្គមហ្វេសបុក របស់សាលារាជធានី។

លោកស្រី ក៏បានលើកឡើងផងដែរថា “រាជធានីភ្នំពេញសព្វថ្ងៃនេះ មានសភាពស្រស់បំព្រង និងស្អាតជាងមុន ដោយមិនមានសំរាមរាយប៉ាយ នៅលើសួនមាត់ទន្លេ និងកន្លែងកម្សាន្តដូចមុនឡើយ ដោយការចូលរួម និងមានការយកចិត្តទុកដាក់ខ្ពស់ របស់រដ្ឋបាលរាជធានីភំ្នពេញ”។

របាយការណ៍ របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ចំនួនភ្ញៀវមកកម្សាន្តសប្បាយ នៅថ្ងៃព្រះរាជពិធីបុណ្យ អុំទូកឆ្នាំ២០១៩ មានរហូតដល់ទៅជា៦លាននាក់ ក្នុងរយៈពេលបីថ្ងៃ (១០ដល់១២ វិច្ឆិកា)៕

To Top