ស្វាយរៀង ៖ ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ១ នាំគ្នាមកចោមរោមមើល សាកសពអណ្តែតទឹក ក្បែរគល់ស្ពានហាយវ៉េ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង៣និង០០នាទី រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
បើតាមការអះអាង ពីឪពុកម្តាយសពប្រាប់ថា ជនរងគ្រោះឈ្មោះ សំ មករា អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី២ ជាសិស្សរៀនពូកែគ្រប់មុខវិជ្ជា ហើយបានប្រឡងជាប់ មធ្យមសិក្សាទុតិយភូមិ ហើយបានមករៀន នៅសាកលវិទ្យាល័យស្វាយរៀង ជានិស្សិតឆ្នាំទី២ ហើយមកស្នាក់នៅក្នុងវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង។ ដោយជីវភាពគ្រួសារមានការខ្វះខាត គ្មានលទ្ធភាពឲ្យកូនសិក្សាបន្ត កូនប្រុសគាត់បានសម្រេចចិត្ត ផ្អាកការសិក្សានៅសកលវិទ្យាល័យ ហើយទៅធ្វើការជាសន្តិសុខឯកជន នៅក្រុងបាវិតជាមួយឳពុក។
ប្រភពបានបន្តទៀតថា ស្រាប់តែបានបាត់ខ្លួន កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០១៩ នៅក្រុងបាវិតមិនដឹងថា ទៅណានោះទេ លុះដល់ថ្ងៃទី១២ វិច្ឆិកា មិនឃើញកូនត្រឡប់ទៅធ្វើការវិញ ហើយទូរស័ព្ទក៏មិនចូល ពេលកូនគាត់បាត់ខ្លួននោះ មានតែសំលៀកបំពាក់មួយចង្កេះ និងលុយកាក់បន្តិចបន្តួចប៉ុណ្ណោះ ទើបរូបគាត់ជាឪពុកម្តាយ មានការព្រួយបារម្ភ បានថតរូបកូនប្រុសរបស់គាត់ ប្តឹងសមត្ថកិច្ចឲ្យជួយរក និងមករកកន្លែងកូន ធ្លាប់មកស្នាក់នៅក្នុងវត្តព្រៃឆ្លាក់ តែគ្មានដំណឹងសោះ។
រហូតដល់វេលាម៉ោង២និង០៥នាទី រសៀលថ្ងៃទី១៣ វិច្ឆិកា ស្រាប់តែសមត្ថកិច្ចប្រាប់ថា៖ ប្រជាពលរដ្ឋអ្នកនេសាទត្រី ប្រទះឃើញសពអណ្តែតទឹក ក៏រាយការណ៍ ជូនសមត្ថកិច្ចឲ្យមកពិនិត្យមើល ហើយសមត្ថកិច្ចក៏បានទូរស័ព្ទ ហៅឲ្យមកមើលសពអណ្តែតទឹកនេះ ក៏ស្គាល់ថា ពិតជាកូនប្រុសរបស់គាត់ ដែលបានបាត់ខ្លួននោះហើយ។
បន្ទាប់ពីក្រុមគ្រូពេទ្យ និងសមត្ថកិច្ចពិនិត្យសពរួចមក បានឲ្យដឹងថា បើតាមស្ថានភាពសព អាចស្លាប់ក្នុងអំឡុង៣ទៅ៤ថ្ងៃប៉ុណ្ណោះ បើស្លាប់តាំងពីពេលបាត់ខ្លួនថ្ងៃទី៧ វិច្ឆិកានោះ សពអាចត្រីចឹកស៊ីធ្លុះធ្លាយ លិចទឹកបាត់ហើយ ដូច្នេះសពនេះ អាចទើបតែស្លាប់ រយៈពេល៧៣ម៉ោងទៅ៨៥ម៉ោងប៉ុណ្ណោះ ក៏ប៉ុន្តែមិនអាចបញ្ជាក់បានថា ស្លាប់ដោយមូលហេតុអ្វី ពិតប្រាកដនោះទេ។
បើតាមលោកវេជ្ជបណ្ឌិត សូ បូរាណ ក្រុមបច្ចេកទេសពិនិត្យ ធ្វើកោសលវិច្ច័យ បានមានប្រសាសន៍ថា ដោយសពមានសភាពហើមខ្លាំង មិនអាចពិនិត្យឃើញស្នាមជាំបាន គឺពិនិត្យត្រឹមការបានឆ្អឹង ជើងឆ្អឹងដៃ កករ និងក្បាល គឺពុំមានស្លាកស្នាម ឬបែកបាក់ទេ ដូច្នេះការសន្និដ្ឋានជំហានដំបូង គឺស្លាប់ដោយលង់ទឹក។
ក្រោយពិនិត្យរួច សមត្ថកិច្ចបានប្រគល់សព ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ហើយអ្វីគួឲ្យសង្វេគទៀតនោះ ស្រ្តីជាម្តាយបានយំទួញសោក រហូតសន្លប់បាត់ស្មារតី បានអ្នកជិតខាង ដឹកយកទៅសង្គ្រោះនៅឯផ្ទះអ្នកស្រុក ដោយសោកស្តាយកូនប្រុស ជាពន់ពេក៕