ភ្នំពេញ ៖ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺជាថ្ងៃទី៤ហើយ ដែលលោក កឹម សុខា បានជួបឯកអគ្គរដ្ឋទូត មហាអំណាចប្រចាំកម្ពុជាចំនួន៧ តែក្នុងពេលជួបនេះ លោកមិនបានបញ្ចេញសារនយោបាយអ្វី មកកាន់សាធារណជននៅឡើយទេ។
អង្គទូតដែលលោក កឹម សុខា បានជួបរួមមាន ៖ អាមេរិក បារាំង អូស្រ្តាលី ជប៉ុន អាល្លឺម៉ង់ ទូតEU និងអង់គ្លេស ។
លោក មុត ចន្ថា អ្នកនាំពាក្យ ក្រោយជំនួបជាមួយអង្គទូតនានា លើកឡើងថា រាល់ជំនួប គឺទូតតែងតែសួរសុខទុក្ខ ពីសុខភាពលោក កឹម សុខាប៉ុណ្ណោះ ដោយមិនបាននិយាយអ្វីផ្សេងពីនេះឡើយ ។
សម្រាប់ជំនួបជាមួយលោកស្រី ទីណា រេដស័រ ឯកអគ្គរាជទូត ចក្រភពអង់គ្លេសប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក មុត ចន្ថា ឆ្លើយតបទៅសំណួរអ្នកកាសែតថា ដូចរាល់ដង លោក កឹម សុខា មិនបានបញ្ចេញសារនយោបាយអ្វីទេ។
លោកថា អ្វីដែលជជែកច្រើន គឺការសួរសុខទុក្ខ ក្នុងនាមអ្នកការទូតប៉ុណ្ណោះ៕