ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឲ្យព្រះសង្ឃមួយ អង្គគង់នៅវត្តមួយ ក្នុងរាជធានីភ្នំពេញសឹកជាបន្ទាន់ ដើម្បីទៅទទួលខុសត្រូវលើស្រ្តីម្នាក់ ដែលធ្វើឲ្យនាងមានផ្ទៃពោះ ។
ការមានប្រសាសន៍ របស់សម្តេចតេជោបែបនេះ ក្រោយពីទទួលដំណឹងថា មានស្រ្តីម្នាក់បានរៀបរាប់ លើបណ្តាញសង្គមហ្វេសប៊ុក និយាយពីព្រះសង្ឃម្នាក់ ធ្វើឲ្យខ្លួនមានផ្ទៃពោះហើយ មិនទទួលខុសត្រូវ ដោយដោះដៃចោល ។ ប៉ុន្តែទោះបីជាយ៉ាងណា សម្តេចតេជោ មិនបានបញ្ចេញឈ្មោះ ព្រះសង្ឃអង្គនោះឡើយ។
គ្រាន់តែសម្តេច បានលើកឡើងយ៉ាងខ្លីថា «សមត្ថកិច្ចនគរបាល គេដឹងថា ព្រះអង្គគង់នៅវត្តណាហើយ។ ដូច្នេះពេលឮខ្ញុំព្រះករុណាខ្ញុំនិយាយហើយ ព្រះអង្គសឹកឲ្យហើយទៅ ហើយទៅយកនាងហ្នឹងទៅ ព្រោះនាងហ្នឹងផើម (ពោះធំ) ហើយ»។
ជាមួយគ្នានេះ សម្តេចបានប្រកាសថា បើមិនសឹកទេ គណៈសង្ឃរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរ នឹងអនុវត្តវិធានការច្បាប់ ជាក់ជាមិនខានឡើយ៕