ព័ត៌មានជាតិ

ពានរង្វាន់ អចលនវត្ថុកម្ពុជា និង ប្រកាសប្រកួត ប្រជែង ជាលើកទី២ ឆ្នាំ២០១៩

ភ្នំពេញ ៖ ខណៈ ដែលវិស័យអចលនវត្ថុ នៅកម្ពុជា កំពុងមានការរីកចម្រើន យ៉ាងឆាប់រហ័ស បានធ្វើឲ្យ អ្នកវិនិយោគក្នុងវិស័យ នេះ មានចំនួនយ៉ាងច្រើន ស្របពេល
ដែល វិស័យអចលនវត្តុស្របច្បាប់ ទទួលស្គាល់ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មាន ត្រឹម២០៥ក្រុមហ៊ុន ចំនួននេះនៅមិនទាន់រាប់បញ្ចូល នូវក្រុមហ៊ុនមិនទាន់ ចុះបញ្ជី កំពុងប្រតិបត្តិការ ក្នុងនាមជាភ្នាក់ងារ ក្រុមហ៊ុនអចលនទ្រព្យនៅឡើយទេ ។ ទន្ទឹមជាមួយភាពរីកចម្រើនយ៉ាង ឆាប់រហ័សក្នុងវិស័យនេះ ក្រុមហ៊ុន Realestate.com.kh បានបង្កើត មហាព្រឹត្តិការណ៍លើកទី២ ដើម្បីផ្តល់ឱកាសដល់បណ្តាក្រុមហ៊ុនដទៃទៀត ក្នុងការប្រកួតប្រជែងគ្នា ដើម្បីបង្ហាញពីសមិទ្ធផល និងគុណភាព ក្នុងការបម្រើវិស័យ អចលនវត្តុនៅកម្ពុជា ជាមួយនិងការផ្តល់ពាន់រង្វាន់ ប្រចាំឆ្នាំ២០១៩ ជាមួយរង្វាន់២០ប្រភេទ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែធ្នូ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ។

នេះជាព្រឹត្តិការណ៍លើកទី២ នៅក្នុងប្រវត្តិសាស្ត្រ ដែលបង្ហាញពីការខិតខំប្រឹងប្រែង និងភាពជោគជ័យ នៃវិស័យអចលនវត្ថុនឹងត្រូវទទួលស្គាល់ជាសកល ។ លក្ខខណ្ឌចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាគឺផ្តោតសំខាន់លើ ៣ កម្រិតរួមមាន៖ “ក្រុមហ៊ុនខ្នាតតូច” “ក្រុមហ៊ុនខ្នាតមធ្យម និង ក្រុមហ៊ុនខ្នាតធំ” ដែលគ្រប់ដណ្តប់លើអាជីវកម្មជាច្រើនប្រភេទនៅក្នុងវិស័យនេះ។

លោក Tom O’Sullivan នាយកប្រតិបត្តិនៃ Realestate.com.kh បានមានប្រសាសន៍ថា ការបង្កើតឱ្យមានកម្មវិធីពាន រង្វាន់អចលនវត្ថុកម្ពុជានេះ ក្នុងគោលបំណង កំណត់អំពីស្តង់ដារ នៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារអចលនវត្ថុ និងក្រុមហ៊ុនវាយតម្លៃ និងគ្រប់គ្រងអចលនវត្ថុនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ លោកបានបន្ថែមទៀតថា “មិនថាអ្នកជាក្រុមហ៊ុនតូច ឬធំ អ្នកមានសិទ្ធិចូលរួមក្នុងការប្រកួតប្រជែងនេះ។ ការចូលរួមប្រកួតនៅក្នុងកម្មវិធីពានរង្វាន់នេះ គឺមិនគិត និងមិនមានការចំណាយអ្វីទាំងអស់ ទាក់ទងនឹងការឈ្នះរង្វាន់”។

អ្នកទទួលបានជ័យជំនះ នឹងត្រូវបានកាត់សេចក្តី ដោយគណៈកម្មការជំនាញ រួមជាមួយការបោះឆ្នោតជាសាធារណៈនៅលើប្រព័ន្ធអនឡាញ។ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាដែលជាអ្នករៀបចំកម្មវិធី នឹងរក្សាភាពឯករាជ្យ មិនពាក់ព័ន្ធក្នុងដំណើរ វាយតម្លៃ និងវិនិច្ឆ័យនោះទេ។

កម្មវិធីពានរង្វាន់ អចលនវត្ថុកម្ពុជានេះបានយកគម្រូតាមកម្មវិធីពានរង្វាន់លំដាប់អន្តជាតិប្រកបដោយតម្លាភាព មិនលំអៀង និងយុត្តិធម៌។ បេក្ខភាពវគ្គផ្តាច់ព្រ័ត្រ និងបេក្ខភាពជ័យលាភី នឹងត្រូវបានផ្តល់ជាតែមសម្គាល់ជ័យលាភី របស់កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជា ដែលអាចប្រើសម្រាប់ការផ្សព្វផ្សាយ និងការធ្វើទីផ្សាររួមជាមួយនឹងពានរង្វាន់ និងវិញ្ញាបនបត្រដែលបញ្ជាក់ពីសមិទ្ធផលផ្ទាល់ ឬក្រុមហ៊ុននីមួយៗ។

លោក Tom O’Sullivan មានប្រសាសន៏ថា “នេះគឺជាឱកាសរបស់ក្រុមហ៊ុន Realestate.com.kh ដើម្បីជម្រុញដល់វិស័យ អចលនវត្ថុកម្ពុជា ដោយផ្តល់ជូននូវឱកាសដល់ក្រុមហ៊ុនទាំងអស់ នៅក្នុងវិស័យដើម្បីឱ្យពួកគេបង្ហាញ ពីសមិទ្ធផលដែលបានធ្វើកន្លងមក។ ក្រោមការសហការជាមួយសមាគម CVEA និងការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយយើងសង្ឃឹម យ៉ាងមុតមាំថា ពានរង្វាន់ប្រចាំឆ្នាំ២០១៩ នឹងបង្កើតឧត្តមភាព និងភាពជឿជាក់បន្ថែមទៀតសម្រាប់វិស័យអចលនវត្ថុកម្ពុជាទាំងមូល។

អគ្គលេខាអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក សួស ចិន្តា បានមានប្រសាសន៍ថា ពានរង្វាន់នេះពិតជា មានសារៈសំខាន់ណាស់សម្រាប់អ្នក ដែលប្រកបរបរទទួលទាន ក្នុងវិស័យអចលនទ្រព្យ ។ លោកថា “យើងចង់បង្កើត ការទទួលស្គាល់ ដើម្បីផ្តល់តម្លៃ និងផ្តល់ការលើកទឹកចិត្តដល់ភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារ ដែលបានបម្រើការនៅក្នុងវិស័យនេះ ប្រកបដោយទំនុកចិត្ត និងតម្លាភាព ហើយពានរង្វាន់នេះគឺធានាបាននូវភាពយុត្តិធម៌ ជាមួយនឹងការវិនិច្ឆ័យ ដែលធ្វើឡើងដោយគណៈកម្មការឯករាជ្យ” ៕

To Top