នយោបាយ

គណបក្សខ្មែរក្រោក សាទរ ចំពោះការដោះលែង សកម្មជន អតីតគណបក្សប្រឆាំង

ភ្នំពេញ៖ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានសម្ដែងការសាទរ ចំពោះសកម្មជន អតីតគណបក្សប្រឆាំង ដែលត្រូវបានដោះលែង ឲ្យនៅក្រៅឃុំ ក្រោយរងបទចោទ ពាក់ព័ន្ធនឹងករណី ឧបឃាតជាមួយមេឧទ្ទាម សម រង្ស៊ី ក្រោមការអនុគ្រោះ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ។ មិនតែប៉ុណ្ណោះប្រធាន គណបក្សរូបនេះសង្ឃឹមថា បងប្អូនអតីតសកម្មជនបក្សប្រឆាំង នឹងផ្លាស់ប្ដូរចិត្តគំនិត ក្នុងការជ្រើសផ្លូវដ៏ត្រឹមត្រូវ ដើម្បីចូលរួមកសាងប្រទេសកម្ពុជា រីកចម្រើនបន្ថែមទៀតព្រោះ មានតែការរួបរួមប៉ុណ្ណោះទើបធ្វើឲ្យខ្មែរខ្លាំង ។

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានលើកឡើង តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១៤វិច្ឆិកានេះថា” ញុំសូមសម្ដែង នូវការសាទរចំពោះ សកម្មជនអតីតគណបក្សប្រឆាំង ដែលត្រូវបានដោះលែងក្រោយរងបទចោទ ពាក់ព័ន្ធនឹងករណី ឧបឃាត ជាមួយអតីតគណបក្ស សង្គ្រោះជាតិ ក្រោមការអនុគ្រោះ របស់ប្រមុខរាជរដ្ឋាភិបាល ។ ខ្ញុំសង្ឃឹមថា បងប្អូនអតីតសកម្មជនបក្សប្រឆាំង និងផ្លាស់ប្ដូរចិត្តគំនិត ក្នុងការជ្រើសផ្លូវដ៏ត្រឹមត្រូវ ដើម្បីចូលរួមកសាងប្រទេស យើងអោយរីកចម្រើនបន្ថែមទៀត ។ មានតែការរួបរួមប៉ុណ្ណោះទើបធ្វើអោយខ្មែរខ្លាំង” ។

សូមបញ្ជាក់ថា បន្ទាប់ពីក្រោយផែនការ ធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដឹកនាំដោយជនក្បត់ជាតិ សម រង្ស៊ី ទទួលបរាជ័យយ៉ាងអាម៉ាស់កាលពីថ្ងៃទី៩វិច្ឆិកានោះហើយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១៤វិច្ឆិកានេះ បានអំពាវនាវឲ្យដោះលែងសកម្មជន អតីតគណបក្សសង្គ្រោះជាតិ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន តាមការស្នើសុំរបស់សាមីខ្លួន និងហៅអ្នកចាញ់បោកមេឧទ្ទាមហើយរត់គេចខ្លួនក្នុងស្រុកនិងក្រៅស្រុក ឲ្យវិលចូលមកស្រុកខ្មែរ ជួបជុំគ្រួសារវិញ ដោយគ្មានទោសពៃអ្វីឡើយ ។
ភ្លាមៗនោះសកម្មជន ២នាក់ របស់អតីតគណបក្សសង្គ្រោះជាតិ នៅខេត្តកំពត ត្រូវបានដោះលែង ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន តាមការស្នើសុំរបស់សាម៉ីខ្លួន ។
នៅថ្ងៃជាមួយគ្នានេះអ្នកនាំពាក្យក្រសួង យុត្តិធម៌បានស្នើឲ្យព្រះរាជអាជ្ញាអមសាលា ដំបូងគ្រប់រាជធានី-ខេត្តពិនិត្យរៀបចំធ្វើសេចក្តីសន្និដ្ឋាន ស្នើសុំទៅតុលាការ ដើម្បីពិនិត្យពិចារណា លើការបញ្ឈប់ការចាប់ខ្លួន និងបន្ធូរបន្ថយការប្រើប្រាស់ វិធានការនៃការឃុំខ្លួនជាបណ្តោះអាសន្ន ចំពោះប្រជាពលរដ្ឋស្លូតត្រង់ ដែលបានចាញ់បោកឧបាយកល របស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិតសម រង្ស៊ី ៕

To Top