ព័ត៌មានជាតិ

តុលាការដោះលែង សកម្មជនអតីត គណបក្សសង្គ្រោះជាតិ ២នាក់ នៅខេត្តកំពត

កំពត៖ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សកម្មជនអតីត គណបក្សសង្គ្រោះជាតិ ២រូបនៅខេត្តកំពត ត្រូវបានដោះលែង ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន តាមការស្នើសុំរបស់សាម៉ីខ្លួន។

ដោយយោងតាម បង្គាប់ របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
ក្នុងពិធីសម្ពោធដាក់ឱ្យ ដំណើរការជាផ្លូវការ នូវរោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង នៅព្រឹកទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត បានបង្គាប់ឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា ដោយសហការខាងតុលាការ ដើម្បីឈានទៅដល់ការដាក់ឱ្យ អ្នកចាញ់បោកក្រុមឧទ្ទាម ដែលត្រូវឃាត់ខ្លួនទាំងអស់ នៅក្រៅឃុំជាបណ្តោះអាសន្ន។ ដោយឡែកសម្រាប់ខេត្តកំពតធ្វើជាគំរូ អនុវត្តមុនគេ ក្នុងការដោះលែងក្នុងថ្ងៃនេះផងដែរ។

សកម្មជន២នាក់ ដែលត្រូវបានដោះលែងពីពន្ធនាគារ ជាបណ្ដោះអាសន្ននោះ រួមមាន ស្ដ្រីឈ្មោះ ប៉ែន មុំ ដែលត្រូវបានចាប់ឃុំខ្លួនក្នុង ពន្ធគាររយៈពេលជាង ១ខែ និងលោក នុត ពេជ ដែលជាប់ឃុំឃាំងក្នុងពន្ធនាគារ ជាង ៣ខែ ពាក់ព័ន្ធការចូលរួមផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៉ី ដោយសារតែពួកគេលង់ ខ្លួនបាញ់បោក ត្រូវបានតុលាការខេត្ដកំពត សម្រេចដោះលែងឲ្យនៅក្រៅ ឃុំបណ្ដោះអាសន្នសិន ប៉ុន្ដែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការដដែល។

យោងតាមពាក្យសុំនៅក្រៅឃុំ របស់ជនត្រូវចោទទាំង២នាក់ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ពួកគេបានសន្យា នឹងមិនចូលរួមសកម្មភាពនានា ដែលបង្កឡើងដោយទណ្ឌិត សម រង្ស៉ី ឬអតីតគណបក្សសង្គ្រោះជាតិ នោះឡើយ ហើយសន្យាចូលមកតុលាការគ្រប់ពេលវេលា នៅពេលដែលកោះហៅ។

ពាក់ព័ន្ធនឹងការដោះលែងជន ជាប់ចោទទាំង ២នាក់ខាងលើ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត លោក ឯក ឆេងហួត បានប្រាប់ឲ្យដឹងថា ក្រោយពីមានការអំពាវនាវ របស់សម្ដេចតេជោ ហ៊ុន សែន និងបទបញ្ជា ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងអយ្យការ បានធ្វើការជាមួយស្ថាប័នតុលាការជាបន្ទាន់ ហើយឈានទៅដល់ការចេញដីកាបង្គាប់ឲ្យដោះលែង ជនត្រូវចោទទាំង ២នាក់ នៅថ្ងៃនេះតែម្ដងទៅ។

ក្នុងពិធីសម្ភោធរោងចក្រស៊ីម៉ង់ថៃ បុនរ៉ុងខាងលើ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ដែលចាញ់បោកការញុះញង់ របស់ក្រុមក្បត់ជាតិ សម រង្ស៉ី ហើយរត់ទៅប្រទេសថៃនោះ វិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ដោយរាជរដ្ឋាភិបាលនឹងមិនយកទោសពៃអ្វីនោះទេ៕ ដោយ: វ៉ាន់ ឌឿន

To Top