ក្វាងទុង៖ ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុនយក្ស ផលិតរថយន្តអគ្គិសនី របស់ប្រទេសចិន BYD (Build Your Dream) ចង់វាយទុកទីផ្សាររថយន្តកម្ពុជា ដោយនាំយករថយន្តដើរដោយប្រព័ន្ធអគ្គិសនី សម្រាប់ប្រកួតប្រជែង ក្នុងទីផ្សាររថយន្តបច្ចុប្បន្ន ។
ក្នុងឱកាសទស្សនកិច្ច របស់ក្រុមអ្នកសារព័ត៌មានកម្ពុជា ដឹកនាំដោយ លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន មកពីស្ថាប័នផ្សេងៗគ្នា តបតាមការអញ្ជើញ របស់ស្ថានទូតចិនប្រចាំកម្ពុជា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ (ថ្ងៃទី៤) បានមកកាន់រោងចក្រឧស្សាហកម្ម ផលិតរថយន្តអគ្គសនី BYD Auto Industry Co.,Ltd ដោយបានទស្សនាផ្ទាល់ នារោងចក្រដែលកំពុងដំណើរការ ផលិតរថយន្តគ្រួសារ, គ្រឿងចក្រអគ្គិសនី និងគ្រឿងអេឡេចត្រូនិក ក៏ដូចជារថភ្លើង ដើរដោយប្រព័ន្ធអគ្គិសនី សាកថ្ម (Hybrid) ដែលអាចជួយ ដល់អ្នកប្រើប្រាស់ នូវការសន្សំសន្ចៃខ្ពស់ ។
ដោយមើលឃើញទីផ្សាររថយន្តនៅកម្ពុជា កំពុងលោតឡើងខ្លាំង និងស្របតាមគោលនយោបាយរាជរដ្ឋាភិបាល លើកិច្ចសហការ និងចំណងមិត្តភាពកាន់តែស៊ីជម្រៅ លោក Henry Yip ប្រធានផ្នែកលក់ ប្រចាំតំបន់អាស៊ីប៉ាស៊ីភិច នៃក្រុមហ៊ុន BYD Auto Industry Co.,Ltd បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២០ខាងមុខ ក្រុមហ៊ុនរបស់លោក នឹងចាប់ដំណើរការ នាំចូលរថយន្តទំនើប ដើរដោយប្រព័ន្ធអគ្គិសនី សាក់ថ្ម (Hybrid) ដើម្បីប្រកួតប្រជែងលើទីផ្សារកម្ពុជា ពោលនៅពាក់កណ្តាលខែ១២ខាងមុខនេះ នឹងបើកដំណើរការ Showroom ជាផ្លូវការ ។
លោក Henry Yip បានឲ្យដឹងថា “ទោះបីមិនទាន់មាន Showroom ប៉ុន្តែមានរថយន្ត ៣០គ្រឿងមកហើយ បានដាក់ដំណើរការ នៅកម្ពុជា ដែលកំពុងដាក់សាកល្បង លើសេវាកម្មរត់តាកស៊ី (Taxi) នៅក្នុងក្រុងព្រះសីហនុ” ។
លោក Henry Yip បានមើលឃើញថា ដំណើរការ និងបរិយាកាសនៅកម្ពុជា អំណោយផល ស្របទៅនឹងសេដ្ឋកិច្ចនៅតំបន់កម្ពុជា សក្តិសមនឹងប្រើប្រាស់ ប្រភេទរថយន្ត ក្រុមហ៊ុន BYD ។
បន្ថែមលើសពីនេះ ក្នុងចក្ខុវិស័យវែងឆ្ងាយ និងតាមរយៈការសិក្សាស្វែងយល់ ក៏ដូចជាមើលឃើញនូវបរិបទ នៃតម្រូវការរបស់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅ ក្នុងប្រទេសកំពុងមានការអភិវឌ្ឍ ក្រុមហ៊ុន ផលិតរថយន្តខាងលើនេះ បាននឹងកំពុងស្វែងរកកិច្ចសហការ ពីរដ្ឋាភិបាលកម្ពុជា ក្នុងការនាំយកប្រភេទម៉ូតូ កង់បីឥណ្ឋា ជាការផលិត និងរចនាដោយ BYD ដាក់ដំណើរការ នៅកម្ពុជាផងដែរ ក្នុងការចូលរួម កាន់បន្ថយការកកស្ទះចរាចរណ៍ ។
លោក Henry Yip មានប្រសាសន៍ថា “(យេីង)នឹងនាំយករថយន្ត ប្រើប្រាស់ដោយប្រពន្ធអគ្គិសនី ទៅកាន់កម្ពុជា និងសាងសង់កន្លែងសម្រាប់ បញ្ចូលអគ្គិសនី (សាកអាគុយរថយន្ត)ផងដែរ ។ មានតែការនាំយករថយន្តអគ្គិសនី ទើបអាចប្រកួតប្រជែង លើទីផ្សារកម្ពុជាបាន តាមរយៈក្រុមហ៊ុននាំចូលផ្តាច់មុខ” ។
ជាមួយគ្នានោះ ប្រធានផ្នែកទីផ្សាររូបនេះ ក៏បានលើកឡើងនូវបញ្ហាប្រឈម ដែលក្រុមហ៊ុនរបស់លោក កំពុងជួបប្រទះ ការខ្វះខាតអគ្គិសនី និងសំណូមពរ ឲ្យស្ថាប័ន្ធពាក់ព័ន្ធខាងកម្ពុជា កំណត់ពន្ធនាំចូល ឲ្យមានភាពជាក់លាក់៕ ដោយ៖ ដារាត់