ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងជំនួបជាមួយសម្ព័ន្ធធុរកិច្ច ខេត្តហ្វូជៀន ប្រទេសចិនដឹកនាំដោយ លោក ហ៊ូស៊ីន វូ (Huaxin Wu) ប្រធានក្រុមហ៊ុន Eversun Holding Group Co. Ltd និងជាសមាជិកសភា ប្រជាជនខេត្តហ្វូជៀន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានជំរុញឲ្យក្រុមហ៊ុន ចិន-កម្ពុជា ស្វែងយល់បន្ថែម លើការវិនិយោគ ក្រោមរូបភាពសម្បទាន។ នេះបើយោងតាមហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។
ក្នុងជំនួបនោះ លោក ហ៊ូស៊ីន វូ ថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្ព័ន្ធធុរកិច្ច មានបំណងពិនិត្យលើសក្ដានុពល ដើម្បីធ្វើការវិនិយោគ ព្រោះក្នុងសម្ព័ន្ធនេះមានក្រុមហ៊ុនប្រមាណ១០០ ដែលមានជំនាញ និងបទពិសោធន៍ចម្រុះ រួមមានការផលិតឧបករណ៍ អេឡិចត្រូនិក កែច្នៃដែកថែប សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ សេវាហិរញ្ញវត្ថុ ប្រព័ន្ធទឹកស្អាត និងចម្រាញ់ប្រេងឥន្ធនៈ ។
លោក ប៉ាន សូរស័ក្ដិ បានទឹកចិត្តឲ្យសម្ព័ន្ធធុរកិច្ច ខេត្តហ្វូជៀន ពិនិត្យលើឱកាសវិនិយោគ លើការផលិតទឹកស្អាតនៅខេត្តព្រះសីហនុ ព្រោះកំពុងមានតម្រូវការ។
លោករដ្ឋមន្រ្តីបន្ថែមថា ម្យ៉ាងវិញទៀត កម្ពុជាក៏កំពុងតែឈានទៅ រកការធ្វើឧស្សាហូបនីយកម្ម ដូចនេះនឹងមានតម្រូវការច្រើនលើការកែច្នៃដែកថែប អេឡិចត្រូនិក និងថាមពល ។
លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្ត ឲ្យសម្ព័ន្ធធុរកិច្ចខេត្តហ្វូជៀន ពិនិត្យលទ្ធភាពចូលរួមកែច្នៃ ផលិតផលកសិកម្ម ដូចជា ស្វាយ ចេក មៀន ដំឡូងមី កៅស៊ូ និងកសិផល ដទៃទៀត ដើម្បីធ្វើការនាំចេញ ដោយកសិផលទាំងនោះ ជាកសិផលមានការផលិតច្រើន នៅកម្ពុជា។
លោក ប៉ាន សូរស័ក្ដិ បានជម្រាបជូនថា “ក្រុមហ៊ុនចិនអាចស្វែងយល់ បន្ថែមលើការវិនិយោគក្រោម រូបភាពសម្បទាន ឬការចាប់ជាដៃគូ ជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ និងហិរញ្ញប្បទាន បន្ថែមពីក្របខណ្ឌ ផ្លូវមួយខ្សែក្រវាត់មួយ”៕
ដោយ បាន ធារ៉ូ