ភ្នំពេញ ៖ លោក កឹម សុខា ដែលតុលាការកម្ពុជាចោទប្រកាន់ពីបទក្បត់ជាមួយបរទេសនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទបញ្ចប់ការស៊ើបសួរហើយ ។
នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់លោក កឹម សុខា ក្នុងការមានសេរីភាពពេញបរិបូណ៌ ក្នុងការធ្វើនយោបាយដូចដើមវិញ។
យោងតាមលិខិតជូនដំណឹងរបស់ លោក គី ឬទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃ១៥ វិច្ឆិកា ផ្ញើជូនលោក ផែង ហេង មេធាវីលោក កឹម សុខា បានឲ្យដឹងថា “ត្បិតសំណុំរឿងព្រហ្មទណ្ឌចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលមានជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ សន្និដ្ឋិជាមួយបរទេស ប្រព្រឹត្តនៅកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃ៣ កញ្ញា ឆ្នាំ២០១៧ យើងបានសម្រេចបិទការស៊ើបសួរចាប់ពីពេលនេះតទៅ” ។
លោក កឹម សុខា ត្រូវបានជាប់ពន្ធនាគារត្រពាំងផ្លុវ ខេត្តត្បូងឃ្មុំ កាលពីចុងឆ្នាំ២០១៧ បន្ទាប់ពីអាជ្ញាធរកម្ពុជាចោទប្រកាន់អំពើក្បត់ជាតិដែលបរទេសនៅពីក្រោយខ្នង ។ បន្ទាប់មកលោកត្រូវបន្តឃុំខ្លួនក្នុងផ្ទះអស់ប្រមាណជា១ឆ្នាំ ហើយទើបបន្ធូរបន្ថយលក្ខខណ្ឌច្បាប់កាលពីថ្ងៃ១០ វិច្ឆិកា កន្លងមកនេះ៕