ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម បានលើកឡើងថា ការបង្កើតឱ្យមានរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះឡើង គឺដើម្បីការពារហិរញ្ញវត្ថុ ពលរដ្ឋពេលចាស់ជរា តាមរយៈការផ្តល់ប្រាក់ចំណូលសមរម្យចំពោះ ប្រជាជនដែលបានចូលរួមក្នុងរបបបា្រក់សោធន ដោយបញ្ឈប់នូវទម្លាប់ចិញ្ចឹមគ្នាទៅវិញទៅមក ដែលធ្វើឱ្យបន្ទុកចំណាយក្នុងគ្រួសារកាន់តែមាន ការកើនឡើង ជាហេតុធ្វើឱ្យជីវភាពគ្រួសារ នៃប្រជាជនកម្ពុជាកាន់តែឆ្លាក់ចុះ ។
ក្នុងឱកាសពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការដាក់ឱ្យដំណើរការ “របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់ បុគ្គលទាំងឡាយដែលស្ថិតនៅ ក្រោមបទប្បញ្ញត្តិ នៃច្បាប់ ស្តីពី ការងារដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ” ដោយមានវត្តមានចូលរួមពី តំណាងសហព័ន្ធនិយោជក សមាគមពាណិជ្ជកម្មកម្ពុជា អង្គការដៃគូអភិវឌ្ឍ និងស្ថាប័ន-អង្គភាពពាក់ព័ន្ធនានា សរុបប្រមាណជាង ១០០នាក់ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក អ៊ុក សមវិទ្យា បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ គោលនយោបាយជាតិ គាំពារសង្គមឆ្នាំ ២០១៦-២០២៥ ក្នុងនោះ គោលនយោបាយនៃការអនុវត្តរបប សន្តិសុខសង្គម នៅកម្ពុជា ក៏ត្រូវបានយកចិត្តទុកដាក់ និងជម្រុញឱ្យមានការកែលម្អកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព សំដៅដល់ការជម្រុញការការពារសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសបងប្អូនកម្មករនិយោជិត ។
លោកបន្តថា ដើម្បីឱ្យរបបសន្តិសុខសង្គមដ៏ល្អមួយនេះ អាចគ្របដណ្តប់បានទូលំទូលាយ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឱ្យមានច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មី ដែលរួមមាន១១ជំពូក និង១០៧មាត្រា ដោយបានប្បញ្ញត្តិអំពីតួនាទីភារកិច្ចច្បាស់លាស់របស់និយ័តករសន្តិសុខសង្គម ប្រតិបត្តិករសន្តិសុខ សង្គម ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. និងក្រុមប្រឹក្សាធនាភិបាល ដែលជាអង្គភាព វិនិយោគមូលនិធិសន្តិសុខសង្គម នៅកម្ពុជា និងជាពិសេសគោលការណ៍ទូទៅ នៃរបបសន្តិសុខសង្គមដែលរួមមាន របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារផ្នែក ថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ ។
កន្លងមកបេឡាជាតិសន្តិសុខសង្គម បានដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងថែទាំសុខភាពរួចមកហើយរបបទាំងពីរនេះក៏បាន ជួយសម្រាលបន្ទុក យ៉ាងច្រើនដល់ និយោជិតនៃវិស័យឯកជន ក៏ដូចជាមន្រី្តរាជការនៅពេល ជួបប្រទះហានិភ័យផ្សេងៗ កើតឡើងជាយថាហេតុកន្លងមក។ ដោយសារការខិតខំប្រឹងប្រែង របស់មន្ត្រី និងបុគ្គលិកនៃ ប.ស.ស. កន្លងមក និងដោយសារមានការទុកចិត្តពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប.ស.ស. គ្រោងនឹងដាក់ឱ្យដំណើរការ ”របបប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ” នៅកម្ពុជា នាដើមឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ ដើម្បីជួយសម្រាលបន្ទុកដល់ បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត នៅពេលចាស់ជរា និងខ្វះលទ្ធភាពស្វែងរកប្រាក់ចំណូល ។
គួររំលឹកផងដែរថា បើយោងតាមរបាយការណ៍ នៃការសិក្សាស្រាវជ្រាវមួយរបស់អង្គការអន្តរជាតិខាងការងារ (ILO) បានចង្អុលបង្ហាញថា បច្ចុប្បន្នមានប្រជាជនកម្ពុជាប្រមាណ ៦,៥ ភាគរយ ដែលមានអាយុលើសពី ៦០ឆ្នាំ។ ដោយទិន្នន័យក្នុងពេលបច្ចុប្បន្ននេះ ក្រុមប្រជាជនដែលមានអាយុចាប់ពី ០ ដល់ ១៤ ឆ្នាំ មានចំនួន ៥លាននាក់, ក្រុមប្រជាជន ដែលមានអាយុចាប់ពី ១៥ ដល់ ៥៤ឆ្នាំ មានចំនួនប្រមាណជាង ៩លាននាក់ និងក្រុមប្រជាជនដែលមានអាយុចាប់ពី ៥៥ឆ្នាំ ឡើងទៅមានចំនួនប្រមាណជាង ១លាននាក់ ដែលសមាមាត្រនេះ ត្រូវបានរំពឹងថា នឹងមានការកើនឡើងប្រមាណ ២៤% (ភាគរយ) ប្រហែលជាជាង ៧លាន នាក់ នាឆ្នាំ២០៦៨ ក្នុងរយៈពេល ៥០ឆ្នាំខាងមុខ ។
លោក អ៊ុក សមវិទ្យា បានថ្លែងបញ្ជាក់ថា ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើន ប្រកបដោយចីរភាព ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា នេះគឺជាពេលវេលាដ៏ស័ក្តសម បំផុតក្នុងការបង្កើតឱ្យមានរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់វិស័យ ឯកជននៅកម្ពុជា ដើម្បីទប់ស្កាត់នូវបញ្ហា ប្រឈមដោយសារអត្រាមនុស្សចាស់ កើនឡើងក្នុងរយៈពេល ៥០ឆ្នាំខាងមុខ ហើយរបបសន្តិសុខសង្គមផ្នែក ប្រាក់សោធននេះ ក៏នឹងជួយទំនុកបម្រុងជីវភាព ប្រជាជនពេលចាស់ជរាខ្វះលទ្ធភាព ស្វែងរកប្រាក់ចំណូល ព្រមទាំងកាត់បន្ថយបន្ទុកចំណាយ ក្នុងគ្រួសារនិងទម្លាប់ចិញ្ចឹមតគ្នា (ឪពុកម្តាយមានកាតព្វកិច្ចចិញ្ចឹមកូន រីឯកូនមានករណីកិច្ចចិញ្ចឹងឪពុកម្តាយវិញ ពេលចាស់ជរា) ។
លោក អ៊ុក សមវិទ្យា សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បន្ទាប់ពីបញ្ចប់សិក្ខាសាលាពិគ្រោះយោបល់ គ្នាអស់រយៈពេលពេញមួយព្រឹកនេះ សិក្ខាកាមទាំងអស់នឹងចូលរួមចំណែកយ៉ាងសកម្ម ដើម្បីផ្តល់ជាធាតុចូលសំខាន់ៗជាច្រើនបន្ថែមទៀត ដើម្បីឱ្យការអនុវត្តរបបប្រាក់សោធនសម្រាប់វិស័យឯកជន នៅកម្ពុជាកាន់តែមានលក្ខណៈល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕