ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង៣ផ្សេងទៀត កំពុងដឹកនាំក្រុមការងារ ច្របាច់បញ្ចូលក្រុមអធិការកិច្ចការងារ តាមសហគ្រាស គ្រឹះស្ថាន ក្នុងកម្រិតអន្តរស្ថាប័ន សំដៅជួយកាត់បន្ថយបន្ទុក របស់ម្ចាស់សហគ្រាស គ្រឹះស្ថាន និងធានាប្រសិទ្ធភាពអធិការកិច្ចការងារ។
ក្នុងវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជនលើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការកែទម្រង់មុតស្រួច ជាកញ្ចប់មួយចំនួន សំដៅពង្រឹងភាពប្រកួតប្រជែង និងជំរុញការពិពិធកម្មសេដ្ឋកិច្ច។
ដើម្បីឲ្យការច្របាច់បញ្ចូលនេះ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រសួងទាំង៤ខាងលើ បានបើកកិច្ចពិភាក្សាស្ដីពី ការច្របាច់បញ្ចូលក្រុមអធិការកិច្ចការងារ ក្នុងកម្រិតអន្តរស្ថាប័នលើកដំបូង ក្រោមអធិបតីភាពលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ។
លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ បានបញ្ជាក់ថា កិច្ចពិភាក្សាជាមួយអន្តរក្រសួង បានស្នើសុំបញ្ជីអធិការកិច្ចការងារ របស់ក្រសួងនីមួយៗមកពិនិត្យរួមគ្នា ប្រសិនបើកម្មវត្ថុអធិការកិច្ចណាខ្លះដូចគ្នា នឹងសំយោគបញ្ចូលគ្នា ហើយកម្មវត្ថុណាខ្លះស្រដៀងគ្នា និងមានស្តង់ដាផ្សេងគ្នា អាចសំយោគស្តង់ដានេះ ឲ្យទៅជាស្តង់ដារួម។
លោកបន្តថា ក្នុងដំណើរការ នៃការធ្វើអធិការកិច្ចការងារនេះ ដំបូងឡើយម្ចាស់សហគ្រាស គ្រឹះស្ថាន និងវិស័យឯកជននានា ត្រូវធ្វើស្វ័យប្រកាសដោយខ្លួនឯងជាមុនសិន បន្ទាប់មកក្រុមអធិការកិច្ច ការងារអន្តរក្រសួង-ស្ថាប័ន នឹងចុះទៅត្រួតពិនិត្យរួមគ្នា លើស្វ័យប្រកាសរបស់ផ្នែកឯកជនទាំងនោះ «ថាតើកិច្ចការដែលគាត់ធ្វើសមស្រប ឬត្រឹមត្រូវតាមស្វ័យ ប្រកាសរបស់គាត់ដែរឬទេ»។ លោកថា ដល់ពេលនោះ ក្រុមអធិការកិច្ចការងារអន្តរក្រសួង នឹងធ្វើការវាយតម្លៃជាក់ស្ដែង ទៅលើអាជីវកម្មរបស់ពួកគាត់តែម្ដង ៕