ភ្នំពេញ ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានសម្តែងក្តីសង្ឃឹម យ៉ាងមុតមាំថា នៅក្នុងរយៈពេល ដ៏ខ្លីខាងមុខនេះ ប្រជាពលរដ្ឋខ្មែរ នឹងស្តាប់លឺការផ្សាយ របស់វិទ្យុVOA និងអាស៊ីសេរី ផ្សាយនៅតាមវិទ្យុក្នុងស្រុក ដូចដើមវិញ ។ នេះបើតាមការបង្ហោះ លើផេកទូតអាមេរិក។
ការលើកឡើងរបស់លោកនេះ ក្នុងជំនួបជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្នុងជំនួបផ្តោតលើការពិភាក្សា ពីតួនាទីដ៏សំខាន់ នៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ និងពីរបៀបដែលអាមេរិក និងកម្ពុជា អាចធ្វើការជាមួយគ្នាបាន ដើម្បីជួយស្តារវិស័យសារព័ត៌មាន នៅកម្ពុជាឲ្យមានភាពរស់រវើក និងសេរីភាពពេញលេញ ។
លោកឯកអគ្គរដ្ឋទូត Murphy បានកត់សម្គាល់ឃើញថា ការចុះបញ្ជីឡើងវិញ ក្នុងពេលថ្មីៗនេះ របស់វិទ្យុសំឡេង សហរដ្ឋអាមេរិក គឺជាជំហានសំខាន់មួយទៅមុខ ។
លោកបានសម្តែងក្តីសង្ឃឹមថា “ក្នុងពេលដ៏ខ្លីខាងមុខនេះ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ នឹងអាចស្តាប់ឮការផ្សាយ តាមវិទ្យុក្នុងស្រុក នូវកម្មវិធីនៃវិទ្យុសំឡេងសហរដ្ឋអាមេរិក និងសេចក្តីរាយការណ៍ពីព័ត៌មាន ដ៏សំខាន់ទាំងក្នុងស្រុក និងអន្តរជាតិពីវិទ្យុអាស៊ីសេរី” ។
វិទ្យុរបស់អាមេរិកទាំងពីរនេះ បច្ចុប្បន្នផ្សាយតែតាមរយៈផេក បណ្តាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនប៉ុណ្ណោះ គឺមិនផ្សាយតាមវិទ្យុ ក្នុងស្រុកដូចពេលមុនឡើយ ៕