ភ្នំពេញ៖ ព្រឹទ្ធសភាកំណត់យកថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ពិនិត្យនិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើ សន្ធិសញ្ញា កំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញ បន្ថែមឆ្នាំ ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាម ។យោងតាមសេចក្តីប្រកាស ព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានៅថ្ងៃទី១៥វិច្ឆិកានេះបានឲ្យដឹងបន្ថែមថាព្រឹទ្ធសភានឹងពិនិត្យ យោបល់លើរបៀបវារៈ៤ផ្សេងទៀតរួមមាន៖
១.ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់ រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពី ការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
២-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី២ ស្តីពី ការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្របសម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់។
៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។
៤-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណា-ចក្រកម្ពុជាចូលជាសមាជិក នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី ការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ៕