នយោបាយ

សម្ដេចតេជោ ព្រមានចាប់ខ្លួនសកម្មជន អតីតបក្សប្រឆាំង ដែលទើបដោះលែងមកវិញ បើបន្តវាយប្រហាររាជរដ្ឋាភិបាល

ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានចាប់ខ្លួនសកម្មជន អតីតបក្សប្រឆាំង ដែលទើបដោះលែងត្រឡប់មកវិញ បើនៅតែបន្តវាយប្រហាររាជរដ្ឋាភិបាលថា ការដោះលែង ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន មកពីសម្ពាធអន្តរជាតិ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា “ដោយសារផែនការ (រដ្ឋប្រហារ របស់ក្រុមឧទ្ទាម សម រង្ស៊ី) បរាជ័យខ្ញុំ បានយោគយល់ អធ្យាស្រ័យ ចំពោះអ្នកដែលយើងបានចាប់ខ្លួន ៧២នាក់ ដែលយើងបានដោះលែង ឲ្យនៅក្រៅឃុំ ។ ត្រូវចាំបងប្អូនទាំងឡាយ ដែលបានដោះលែង ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន មិនមែនថា រឿងក្ដីត្រូវបានបញ្ចប់ទេ ។ រឿងក្ដីមិនទាន់បញ្ចប់ទេ បងប្អូនត្រូវអនុវត្តតាមផ្លូវតុលាការបន្តទៀត។ ឥឡូវអ្នកឯងចង់សាក ខ្ញុំប្រមូលយកមកវិញ ហើយចាប់ថែមទាំងអ្នកថា ។ បើធ្វើសកម្មភាព នឹងចាប់ខ្លួនត្រឡប់មកវិញ កុំនិយាយរឿងសម្ពាធអន្តរជាតិ” ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនយកអធិបតេយ្យជាតិ ទៅដោះដូរជាមួយជំនួយ ឬលក្ខខណ្ឌណាមួយនោះឡើយ ។

សម្តេចតេជោ ហ៊ុន សែនព្រមានប្រើរយៈពេល៣ថ្ងៃប៉ុណ្ណោះ ក្នុងការតាមចាប់ខ្លួនក្រុមសកម្មជនគាំទ្រ ជនក្បត់ជាតិ សម រង្ស៊ី ទាំង៧២នាក់មកវិញ ។ ប៉ុន្តែតែសម្តេចមិនធ្វើដូច្នោះឡើយ គឺនៅតែប្រើនយោបាយ សណ្តោសប្រណី ដែលសម្តេចធ្លាប់បានប្រើ នាពេលកន្លងមក ។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅបុគ្គលដែលនិយាយថា សម្តេចនឹងភៀសខ្លួនទៅប្រទេសវៀតណាមនោះ មានប្រពន្ធកំពុងលក់មាស នៅផ្សារថ្មីបើខ្លាំងយកប្រពន្ធ ទៅជាមួយផង។ បើទោះបីជាយ៉ាងណាសម្តេចបញ្ជាក់ថា សម្តេចមិនទៅប៉ះពាល់ អ្នកគ្មានការពាក់ព័ន្ធនោះទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅភរិយា របស់អ្នកគាំទ្រក្រុមក្បត់ជាតិ មួយចំនួនថា អ្នកដែលមិនទាន់វិលត្រឡប់ទៅផ្ទះវិញ ប្រយ័ត្នប្តីកំពុងមានស្រី ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បង្រួបបង្រួមបានតែជាមួយ អ្នកចង់បង្រួបបង្រួមតែប៉ុណ្ណោះ ដោយឡែកអ្នកឈ្លើយ មិនអាចបង្រួបបង្រួមបានឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសបារាំងវិញ របស់មេឧទ្ទាម សម រង្ស៊ី រខេករខាកជាងឆាវឆាវបាក់ទ័ពក្នុងរឿងសាមកុកទៅទៀតផង៕

To Top