ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តឲ្យមន្ត្រី បន្តអនុវត្តគម្រោងបឹងទន្លេសាប ដើម្បីអភិវឌ្ឍមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រ របស់ពលរដ្ឋ

កំពង់ចាម ÷ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងលើកទឹកចិត្ត ដល់មន្ត្រីក្រោមឱវាទ ដែលទទួលភារកិច្ច លើគម្រោងបឹងទន្លេសាប ឲ្យបន្តអនុវត្តកិច្ចការនេះ ក្នុងទិសដៅដើម្បីអភិវឌ្ឍមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ។

ការលើកឡើងដូច្នេះ ខណៈលោកអភិបាលខេត្ត បានសន្និដ្ឋានចុងកម្មវិធីប្រជុំ ស្ដីអំពីការអនុវត្ត គម្រោងកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់បឹងទន្លេសាបជំហានទី ២ នារសៀលថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។

តាម លោក ពោយ សុខជា ប្រធានគាំទ្រគម្រោងថ្នាក់ខេត្ត អោយដឹងថា គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាបជំហាន២ (TSS D-AF) នឹងពង្រីកតំបន់គោលដៅពី១៩៦ ឃុំ/សង្កាត់៥ ខេត្តគោលដៅទៅ ២៧០ ឃុំ/សង្កាត់ ៧ខេត្ត (៧៤ឃុំ/សង្កាត់ ២ខេត្តថ្មី) ។ ដោយ ឡែកខេត្តកំពង់ចាមមាន៥ស្រុក គោលដៅមានចំនួន៤០ឃុំ (ស្រុកបាធាយមាន៩ឃុំ/១២ឃុំ ស្រុកជើងព្រៃមាន៨ឃុំ/១០ឃុំ ស្រុកកងមាសមាន៨ឃុំ/១១ឃុំ ស្រុកកោះសូទិនមាន៧ឃុំ/៨ឃុំ និងស្រុកស្ទឹងត្រង់ មាន៨ឃុំ/១២ឃុំ) ។ ហើយគម្រោងជំហាន២នេះ ផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដែលឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ បង្កើនផលិត ភាពកសិកម្ម ពិពិធកម្ម កសិកម្ម ភាពធន់នឹងអាកាសធាតុ ការផលិតសម្រាប់លក់ ការអភិវឌ្ឍន៍សហគ្រាស ការរៀបចំទីផ្សារ សម្រាប់លក់ផលិតផល ។ គម្រោងបានទទួលថវិកា សរុបចំនួន ៦៦លានដុល្លារ ក្នុងនោះមានហិរញ្ញបទានចំនួន៤,៧លានដុល្លារ មកពី៖ រាជរដ្ឋាភិបាលកម្ពុជាចំនួន ៦លានដុល្លារ, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន៥០លានដុល្លារ និងមូលនិ ធិអន្តរជាតិ សម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) ចំនួន១០លាន ដុល្លារ។

បើតាមអភិបាលរងខេត្តកំពង់ចាម លោក ហាន កុសល មានតួនាទីទទួលបន្ទុក ផ្នែកគម្រោងបឹងទន្លេសាប បានអោយដឹងថា កិច្ចការចុះអនុវត្តគម្រោង មានការជួបផលលំបាកជាច្រើន ដូចជាមន្ត្រីធ្វើការគ្មានប្រាក់បៀវត្ស ឬ ប្រាក់បៀវត្សតិច និងប្រការមួយចំនួនទៀត ប្រជាពលរដ្ឋក្រីក្រខ្ចីលុយ ប្រកបមុខរបរខាតបង់ ហើយមិនសងត្រឡប់មកវិញ ។

ប៉ុន្តែទោះជាយ៉ាងនោះក្តី អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងណែនាំ និងលើកទឹកចិត្តដល់មន្ត្រីស្ម័គ្រ ចិត្តទាំងអស់ ដែលមានតួនាទីជាប់ពាក់ ព័ន្ធជាមួយនឹងកិច្ចការ អនុវត្តគម្រោងបឹងទន្លេសាបនេះ ត្រូវធ្វើការសហការគ្នា ដោះស្រាយរាល់បញ្ហាអសកម្មទាំងឡាយ ដែលកំពុងប្រឈម ហើយបន្តអនុវត្តគម្រោងបឹងទន្លេសាបនេះ ឲ្យបានល្អប្រសើរបន្ថែមទៀត ក្នុងគោលដៅ ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន និងដើម្បីកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ៕

To Top