លោក Mikami Masahiro (មី កា មី ម៉ាសា ហ៊ី រ៉ូ) ឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំកម្ពុជា បានចូលជួបសំដែងការគួរសម និង ពិភាក្សាការងារ ជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
នៅក្នុងជំនួបសន្ទនានោះ ក្នុងនាម កងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្ដែងការស្វាគមន៍ ចំពោះ ឯកឧត្តម មី កា មី ម៉ា សា ហ៊ី រ៉ូ ដែលត្រូវរាជរដ្ឋាភិបាលប្រទេសជប៉ុន តែងតាំងជាឯកអគ្គរាជ ទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ដល់ប្រទេសជប៉ុន ដែលបានតែងតែ ជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ចាប់តាំងពីទស្សវត្សទី ៨០ មក និងបានបញ្ជូនកងកម្លាំង រក្សាសន្តិសុខសន្តិភាពមកកាន់កម្ពុជា ក្នុងការរៀបចំបោះឆ្នោត ដើម្បីរួមចំណែក ថែរក្សាសន្តិភាពជូនដល់ប្រជាជនកម្ពុជា ។ ក្រៅពីនេះទៀត ជប៉ុន ក៏បានជួយដល់កម្ពុជា លើការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឲ្យមានការរីកចំរើន ។
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានថ្លែងអំណរគុណ ចំពោះប្រទេសជប៉ុន ដែលតែងតែគាំទ្រ ដល់ដំណើការអភិវឌ្ឍប្រទេសកម្ពុជា និងគាំទ្រ ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ឯកឧត្តម បានបន្តលើកឡើងថា ផ្អែកតាមអនុស្សារណៈយោគយល់គ្នា (MOU) និងកិច្ចព្រមព្រៀងផ្សេងៗ រវាងក្រសួងការពារជាតិប្រទេសទាំងពីរ កម្ពុជា-ជប៉ុន គឺនឹងបើកឱកាស ដល់កងទ័ពជើងគោកនៃប្រទេសទាំងពីរ អាចពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបន្ថែមទៀតផងដែរ។
លោក Mikami Masahiro (មី កា មី ម៉ា សា ហ៊ី រ៉ូ ) ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជាបាន សម្ដែងការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស នៅព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្តមសង្ឃឹមថា កម្ពុជានឹងបន្ត ធ្វើការអភិវឌ្ឍរីកចំរើនទៅមុខទៀត និង មានសន្តិភាពល្អប្រសើរទៅថ្ងៃអនាគត ។
លោក ឯកអគ្គរាជទូតជប៉ុន បញ្ជាក់ទៀតថា ប្រទេសជប៉ុននឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសកម្ពុជាដើម្បីថែរក្សា សន្តិភាព ស្ថេរភាព និង រួមចំណែកជំរុញ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា អោយមានការរីកចំរើនថែមទៀត ។
សូមបញ្ជាក់ថា ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងឯកអគ្គរាជទូតជប៉ុននាពេលនេះ គឺផ្ដោតសំខាន់លើការពង្រឹង និងពង្រីកកិច្ចសហការ នៃប្រទេសទាំងពីរលើយោធា និងវិស័យផ្សេងៗ ដើម្បីសេចក្តីសុខរបស់ប្រជាជន និងការអភិវឌ្ឍនៃប្រទេសទាំងពីរ៕