ភ្នំពេញ ៖ ភាគីកម្ពុជា-ថៃ បានជួបពិភាក្សាគ្នាពន្លឿន នីតិវិធីតភ្ជាប់ បើក និងដំឡើងច្រកផ្លូវ៥៥ (ច្រកថ្មដា) នៃស្រុកវាលវែង ខេត្តពោធិ៍សាត់ ទៅជាច្រកអន្តរជាតិ ភ្ជាប់ជាមួយច្រកថាសេន ខេត្តត្រាត ដើម្បីសម្រួលដល់ការធ្វើចរាចរ និងដឹកជញ្ជូនទំនិញ សម្រាប់ពលរដ្ឋ នៃប្រទេសទាំង២ ។ នេះបើយោងតាមរដ្ឋបាល ខេត្តពោធិ៍សាត់ ។
ក្នុងឱកាសជួបពិភាក្សា ការងារជាមួយលោក ភិឈាន លិមវ៉ាំងយូ អភិបាលខេត្តត្រាត ដើម្បីស្វែងរកបញ្ហាមួយចំនួន ទាក់ទងទៅនឹងការបើកច្រក ព្រំដែនកម្ពុជា-ថៃ រវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត (ច្រកថ្មដា និងច្រកថាសេន) កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ខេត្តពោធិ៍សាត់ ជាខេត្តមួយក្នុង ចំណោមខេត្តទាំង២៥ខេត្ត/ក្រុង មានចម្ងាយពីទីរួមខេត្ត ទៅរាជធានីភ្នំពេញ និងពីទីរួមខេត្ត ទៅច្រកព្រំដែន៥៥ ជិត២០០គីឡូម៉ែត្រ ។ ខេត្តពោធិ៍សាត់ មាន០៧ក្រុង/ស្រុក មាន៤៩ឃុំ/សង្កាត់ និងមាន៥១១ភូមិ, មានផ្ទៃដីសរុប១២,៦៩២គីឡូម៉ែតការ៉េ ក្នុងនោះផ្ទៃដីកសិកម្ម ១២ម៉ឺនហិកតា និងមានតំបន់ទេស ចរណ៍ធម្មជាតិ ចំនួន៣៨កន្លែង ។ ខេត្តពោធិ៍សាត់ មានច្រកព្រំដែនមួយ ឈ្មោះថាច្រកផ្លូវលេខ៥៥ ឬ(ច្រកថ្មដា) ទល់មុខច្រកថាសេន ខេត្តត្រាត ប្រទេសថៃ ដែលកន្លងមកនេះប្រជាពលរដ្ឋ ខេត្តទាំងពីរ មានទំនាក់ទំនងល្អ ក្នុងការចេញចូល ដោះដូរទំនិញគ្នាទៅវិញទៅមក ។ កន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋភិបាលថៃ បានសហការគ្នា ដើម្បីតម្លើងបើកច្រកតំបន់នេះ ជាច្រកអន្តរជាតិ ព្រមទាំងបានស្ថាបនាផ្លូវជាតិលេខ៥៥ រួចរាល់ជាស្ថាពរផងដែរ ។
លោក ម៉ៅ ធនិន បានបញ្ជាក់ថា ច្រកថ្មដា ក្នុងមួយសប្ដាហ៍ ទាំងថៃ និងកម្ពុជា បានសម្រេចបើកឲ្យប្រជាពលរដ្ឋចេញចូលតែ៣ថ្ងៃ ក្នុងមួយសប្តាហ៍ គឺថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសៅរ៏ តែមិនអាចបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋទាំងសងខាងបានឡើយ។
លោកអភិបាលខេត្ត បានស្នើឲ្យភាគីថៃ សម្រួលបើកច្រកព្រំដែននេះ ឲ្យបានមួយសប្ដាហ៍ ៥ថ្ងៃ គឺថ្ងៃចន្ទ ថ្ងៃពុធ ថ្ងៃព្រហស្បត្តិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីឲ្យប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ពិសេសមន្ត្រីរាជការ ដែលមានពេលឈប់សម្រាកតែថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ បានទៅលេងកំសាន្ដតំបន់ទេសចរណ៍នានា ក្នុងខេត្តត្រាត និង ខេត្តពោធិ៍សាត់ ។
លោកអភិបាលខេត្តពោធិ៍សាត់ សង្ឃឹមថាភាគីថៃ ខេត្តត្រាត នៅតែបន្តកិច្ចសហប្រតិបត្តិការល្អ ទៅលើការងារព្រំដែនដូចជា ផ្នែកកសិកម្ម សិប្បកម្ម និងការដោះដូរទំនិញ និងសម្រួលឲ្យមានអ្នកវិនិយោគ ចូលមកដាក់ការវិនិយោគឲ្យបានច្រើន ព្រមទាំងជួយពន្លឿននីតិវិធី នៃការបើកច្រកព្រំដែន ខេត្តទាំងពីរនេះ ឲ្យបានឆាប់រហ័ស។
លោក ភិឈាន លិមវ៉ាំងយូ អភិបាលខេត្តត្រាត ថ្លែងថា ពីមុនពលករកម្ពុជា ទៅធ្វើការនៅប្រទេសថៃមានកម្រិតមធ្យម តែឥឡូវនេះបានវិលមកធ្វើការនៅប្រទេសកម្ពុជាវិញជាបណ្ដើរៗ ដោយសារប្រទេសកម្ពុជា មានសុខសន្តិភាព និងមានរោងចក្រ សហគ្រាស ក្រុមហ៊ុន យ៉ាងច្រើនពោរពាស ។ លោកអភិបាលខេត្តត្រាត បន្ថែមថា ខាងភាគីថៃ មានគម្រោងដាក់ថវិកា ជាង៥០លានបាត ក្នុងការកសាងផ្លូវគមនាគមន៍ តភ្ជាប់គ្នាពីច្រកថាសេន ប្រទេសថៃ ទៅច្រក៥៥ (ច្រកថ្មដា) ប្រទេសកម្ពុជា ដែលនឹងចាប់ផ្ដើមសាងសង់ ក្នុងអំឡុងពេលឆាប់ៗខាងមុខ បន្ទាប់ពីសភាថៃអនុម័ត៣ខែក្រោយ ។ ក្នុងឱកាសនោះលោកអភិបាលខេត្តត្រាត ក៏បានទទួលយកនូវសំណើ របស់លោកអភិបាលខេត្តពោធិ៍សាត់ ដើម្បីទៅពិភាក្សាគ្នា រកដំណោះស្រាយ ក្នុងការពន្លឿនបើកច្រក៥៦ ក៏ដូចជាសម្រួលដល់ការចរាចរចេញចូល របស់ប្រជាពលរដ្ឋប្រទេសទាំងពីរ ឲ្យបានឆាប់រហ័ស ។
សូមរំលឹកថាបន្ទាប់ពីប្រទេសកម្ពុជា មានសុខសន្ដិភាពនិងស្ថេរនយោបាយ ធ្វើឲ្យសេដ្ឋកិច្ចមានការរីកចម្រើន ឥតឈប់ឈរនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់សិទ្ធិ ឲ្យក្រុមហ៊ុនឧកញ៉ា ទ្រី ភាព និងក្រុមហ៊ុនចិន ធ្វើការវិនិយោគរួមគ្នា បង្កើតតំបន់សេដ្ឋកិច្ចពិសេស DMSនៅឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំដែនកម្ពុជា-ថៃ ហើយនាពេលអនាគតតំបន់នេះ នឹងមានពលរដ្ឋកាន់តែច្រើនកុះករទៅរស់នៅផងដែរ។
តំបន់សេដ្ឋកិច្ចពិសេស ថ្មដា កំពុងអភិវឌ្ឍន៍និងសាងសង់ ដោយក្រុមហ៊ុនចិនរួមមានដូចជា ៖ ផ្សារទំនើប ,កាស៊ីណូ ,សណ្ឋាគារប្រណីត ,ផ្ទះសំណាក់ ,រមណីយដ្ឋាន ,កន្លែងកម្សាន្ដធម្មជាតិ ព្រមទាំងសំណង់នានាជាច្រើនទៀត។ តំបន់សេដ្ឋកិច្ចពិសេសនេះ នឹងចំណាយជាង៨០លានដុល្លារ ក្នុងការអភិវឌ្ឍន៍ ជាពិសេសធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរ ជាតិ-អន្ដរជាតិ មកទស្សនាឲ្យបានសប្បាយរីករាយ ។
ជាងនេះទៅទៀត តំបន់សេដ្ឋកិច្ចពិសេស ដែលមានទីតាំងស្ថិតនៅ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានចម្ងាយជាង៦០គីឡូវម៉ែត្រ ពី ព្រលានយន្ដហោះ តារាសាគរ ខេត្តកោះកុង។ តំបន់សេដ្ឋកិច្ចពិសេសនេះក៏មានចម្ងាយជាង ៣០០គីឡូម៉ែត្រ ពីភ្នំពេញ ។ ដើម្បីទៅដល់ តំបន់សេដ្ឋកិច្ចពិសេស ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥ រួចបត់តាមផ្លូវជាតិលេខ៥៥ ដែលមានចំណាយ ជាង១៨២គីឡូម៉ែត្រទៀតបានដល់ ឃុំថ្មដា ស្រុកវាលវែង ៕