ព័ត៌មានជាតិ

មែនទែនហើយ! ចេះទីផ្សារបណ្តាញ បើមិនចេះច្បាប់ គួរមកទទួលការ​បណ្តុះបណ្តាល ចៀសវាងចាញ់បោកតៗគ្នា ហើយប្រឈមនឹងទោសទណ្ឌ

ភ្នំពេញ៖ បច្ចុប្បន្ននេះ ប្រសិនបើអ្នកធ្វើធុរកិច្ចទីផ្សារបណ្តាញ មិនយល់ដឹងអំពីច្បាប់ ឬមិនចេះធ្វើទីផ្សារបណ្ដាញនោះទេ ច្បាស់ជាចាញ់បោកគេតៗគ្នា បណ្តាលឲ្យខាតបង់ទ្រព្យសម្បត្តិ និងពេលវេលាផ្ទាល់ខ្លួន អ្វីដែលកាន់តែធ្ងន់ធ្ងរ អាចនឹងត្រូវប្រឈមទោសទណ្ឌ ផងដែរ ប៉ុន្តែបញ្ហានេះ ត្រូវបានដោះស្រាយ ដោយគ្រាន់តែអ្នកទាំងអស់នោះ មកទទួលការបណ្ដុះបណ្ដាល តាមវិជ្ចាជីវៈត្រឹមត្រូវ និងស្របច្បាប់ នោះនឹងទទួលបានមកវិញ នូវកំណប់ទ្រព្យដ៏មហាសាល ។

ទាំងនេះគឺជាការក្រើនរំឭក ម្តងហើយម្តងទៀត ពីលោកសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគម​ សហព័ន្ធធុរកិច្ច​ ទីផ្សារបណ្ដាញកម្ពុជា ទៅដល់អ្នកលក់តាមអនឡាញ ជាពិសេសអ្នកធ្វើទីផ្សារបណ្តាញនានា ជាក់ស្តែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល វិជ្ជាជីវៈធុរកិច្ចទីផ្សារបណ្ដាញ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកបានបង្ហាញសារជាច្រើន ទៅដល់ជនទាំងឡាយ ដែលពាក់ព័ន្ធ នឹងធុរកិច្ចទីផ្សារបណ្ដាញនេះ ។

ទស្សនទានដំបូងដែលលោក ឡី សុភាព លើកឡើងនោះគឺ “ប្រទេសមានសន្តិភាព មានអ្នកដឹកនាំខ្លាំងពូកែ ហើយស្របនឹងបរិបទបដិវត្តឧស្សាហកម្ម ៤.០ នេះផងនោះ គឺមានតែការធ្វើទីផ្សារបណ្ដាញទេ ដែលអាចជួយ​ប្រជាជន​ ដែលមានដើមទុនតិចតួច អាចធ្វើអាជីវកម្មបាន”។

ប៉ុន្តែកន្លងមក អ្នកទាំងអស់នេះច្រើន តែមិនបានយល់ច្បាស់ អំពីនីតិវិធីច្បាប់ បទបញ្ញត្តិ ក៏ដូចជាចំណេះដឹងនានា ដូចជា ការចុះបញ្ជី ពាណិជ្ជនាម ពាណិជ្ជសញ្ញា ការស្នើសុំអាជ្ញាបណ្ណ ដែលនាំទៅដល់ ការចាញ់បោកគេតៗគ្នា។

លោកបណ្ឌិតឲ្យដឹងថា “ក្នុងដំណើការទីផ្សារបណ្ដាញ ជនខិលខូចទាំងនោះ បានបោកប្រាស់ប្រជាពលរដ្ឋ តាមប្រព័ន្ធអនឡាញជាហូរហែ ដូចជាការលក់និងចែកចាយ ផលិតផលក្លែងក្លាយ ខណៈដែលប្រជាពលរដ្ឋ និងអ្នកចែកចាយបន្ត ក៏គ្មានចំណេះដឹង និងវិជ្ជាជីវៈគ្រប់គ្រាន់ ដូចជាមិនសូវយល់ដឹងពីច្បាប់ ផលប៉ះពាល់នានាជាដើម”។

លោកបានព្រមានថា ប្រសិនបើពួកគា ត់មិនបានដឹងអំពីច្បាប់ និងចាញ់បោកគេ គឺមានបញ្ហាច្រើនណាស់ ដូចជាប្រឈមចំពោះមុខច្បាប់ ខាតបង់ថវិកា ពេលវេលា បង្កវិប្បត្តិសង្គមជាដើម ។ ដូច្នេះហើយបានជាលោកអំពាវនាវ ដល់អ្នកប្រកបអាជីវកម្ម ធុរកិច្ចទីផ្សារបណ្ដាញទាំងអស់ ត្រូវមកទទួលការបណ្ដុះបណ្ដាល ដើម្បីយកចំណេះដឹង ទៅប្រើប្រាស់ ក្នុងការប្រកបអាជីវកម្មរបស់ខ្លួន ឱ្យបានត្រឹមត្រូវ។

លោកបណ្ឌិតលើកឡើងទៀតថា ប្រសិនបើប្រជាពលរដ្ឋ ដែលចេះប្រកបអាជីវកម្ម មានកំណើនខ្ពស់ ប្រជាពលរដ្ឋមានការងារធ្វើ បញ្ហាចំណាកស្រុកក៏មានធ្លាក់ចុះ ចំណូលសម្រាប់ប្រជាពលរដ្ឋ និងសម្រាប់ប្រទេសជាតិទាំងមូល ក៏មានការកើនឡើន។

លោក ឡី សុភាព បានបន្តថា ការបណ្ដុះបណ្ដាលនេះ ក៏បានធ្វើឡើងដោយស្រប​ ទៅនឹងការអំពាវនាវ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដាក់ឱ្យអនុវត្តច្បាប់ ស្ដីពីការគ្រប់គ្រងពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រនិក ច្បាប់ស្ដីពីការការពារ អ្នកប្រើប្រាស់ ព្រមទាំងគោលនយោបាយជាតិ សិក្សាពេញមួយជីវិត។

គួរឲ្យដឹងថា វគ្គបណ្ដុះថ្មីនេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែវិច្ឆិកា ប៉ុន្តែនឹងមានការបណ្ដុះបណ្ដាល ជាបន្តបន្ទាប់ ក្នុងកម្រិតវិជ្ជាជីវៈបឋម ដែលមានរយៈពេល ៦ខែ សិក្ខាកាមនឹងទទួលបានចំណេះដឹង អំពីនីតិវិធីច្បាស់ ពោលគឺជួយបង្រៀន ជួយប្រឹក្សាយោបល់ ជួយការពារផ្លូវច្បាប់ ក្នុងករណីខ្វះទុន ប្រកបអាជីវកម្ម សមាជិកសមាគម ក៏នឹងជួយដោះស្រាយផងដែរ គឺធ្វើការជាក្រុមប្រកប ដោយសាមគ្គីភាព ភាតរភាព វឌ្ឍនភាព។

សូមរំលឹកថា ចំនួនអ្នកទទួល បានការបណ្ដុះបណ្ដាល ផ្នែកទីផ្សារបណ្ដាញនេះ នៅមានតិចតូចនៅឡើយ លោកបណ្ឌិត ឡី សុភាព នឹងពុះពារសម្រេច​ការបណ្ដុះបណ្ដាល ដល់ប្រជាពលរដ្ឋ ដែលជាសិក្ខាកាម ឱ្យបានប្រមាណពី ១ពាន់នាក់ ទៅ២ពាន់នាក់ ត្រឹមឆ្នាំ២០២០ ហើយពួកគេនឹងក្លាយជា ជនបង្គោល​សម្រាប់ការបណ្ដុះបណ្ដាលបន្ត ទៅដល់អ្នកថ្មីទៀត៕

To Top