ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត៖ ប្រាកដណាស់ កម្ពុជានឹងបន្តរីកចម្រើន ឥតឈប់ឈរ ទៅមុខទៀត

ភ្នំពេញ៖  ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គក្រឡាញ់សែនជ័យ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ថា កម្ពុជានឹងបន្តរីកចម្រើន ឥតឈប់ឈរទៅមុខទៀត ។

លោក បន្ត «ថា ប្រាកដណាស់ កម្ពុជានឹងបន្តរីកចម្រើនឥតឈប់ឈរទៅមុខទៀត នៅពេលដែលប្រជាជនទាំងអស់ រួបរួមសាមគ្គីគ្នានិងមានទឹកចិត្តជ្រះថ្លា ចូលរួមចំណែកជួយគ្នាទៅវិញទៅមក គួបផ្សំនឹងគោលមាគ៌ានយោបាយដឹកនាំដ៏ត្រឹមត្រូវ ដែលធ្វើឱ្យប្រជាជនមានជីវភាពធូរធា, សំបូរទៅដោយកម្លាំងធនធានមនុស្សគ្រប់ជំនាញ ប្រកបដោយសមត្ថភាពចំណេះដឹង និងសុខភាពល្អ ជាពិសេសបរិយាកាសអំណោយផលនៃសុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងកំណើនសេដ្ឋកិច្ចខ្ពស់ដូចសព្វថ្ងៃ។»

លោក បន្ថែមថា  ពីមួយថ្ងៃទៅមួយថ្ងៃ សមិទ្ធិផលថ្មីៗនានាទាំងក្នុងពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនដុះដាលឡើងជាបន្តបន្ទាប់ ដែលបងប្អូនប្រជាពលរដ្ឋយើងបានឃើញជាក់ស្តែងនៅក្នុងស្រុកបូរីជលសារនេះផ្ទាល់, នៅទូទាំងខេត្តតាកែវ ក៏ដូចជានៅទូទាំងប្រទេស។ សមិ ទ្ធផលទាំងនេះ ជាសមិទ្ធផលជាតិ ដែលយើងបានខិតខំរួមគ្នាកសាងប្រកបដោយមោទនភាព សម្រាប់បម្រើសេចក្តីត្រូវការរបស់យើងទាំងអស់គ្នា និងកូនចៅរបស់យើងគ្រប់ៗជំនាន់តទៅ។

ដំណើរដ៏វែងឆ្ងាយនៃការសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ក្នុងរយៈកាលជាង ៤០ ឆ្នាំ កន្លងមកនេះ គឺជាការចូលរួមចំណែកមិនអាចខ្វះបានរបស់លោកយាយលោកតាបងប្អូនប្រជាពលរដ្ឋ តាមរយៈការបំពេញនូវតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំទូន្មានកូនចៅ និងបញ្ជូនពួកគាត់ឱ្យទៅសាលារៀន ដើម្បីឱ្យពួកគាត់ក្លាយខ្លួនជាពលរដ្ឋល្អ មានមនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវលើជោគវាសនាខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ស្នេហាជាតិ គឺចៀសវាងការបំបែកបំបាក់ជាតិ ដុតបំផ្លាញជាតិ បង្កអស្ថិរភាព។ ផ្ទុយទៅវិញត្រូវចូលរួមកសាងជាតិ ថែរក្សាការពារសន្តិភាព និងសមិទ្ធិផលជាតិ និងខិតខំបំពេញកាតព្វកិច្ចជាពលរដ្ឋ ល្អតាមតួនាទីរៀងៗខ្លួន។

បើតាមលោក  ម៉ាណែត យើងអាចភ្លេចខ្លួន និងមើលស្រាលចំពោះតម្លៃនៃសន្តិភាព ប៉ុន្តែយើងនឹងមានវិប្បដិសារីស្តាយក្រោយនៅពេលដែលសន្តិភាពបានបាត់បង់ ហើយពិបាកនឹងស្តារត្រឡប់មកវិញបាន។ បងប្អូនប្រជាពលរដ្ឋរបស់យើងបានយល់ច្បាស់អំពីបញ្ហានេះ។ ដូច្នេះហើយ បានជាឧបាយកលញុះញង់បំបែកកំបាក់ជាតិ ដើម្បីឈានទៅដល់ការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយម មិនអាចសម្រេចបានឡើយ ដោយសារគ្មានការគាំទ្ររបស់ប្រជាជនទាំងក្នុង និងក្រៅប្រទេស។ប្រជាជនខ្មែរ ត្រូវការបំផុតនូវភាពសុខសាន្ត និងសុភមង្គលស្ងប់សុខទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយសំឡឹងជានិច្ចឆ្ពោះទៅថ្ងៃស្អែកនិងអនាគតជានិរន្តន៍នៃសន្តិភាព និងការអភិវឌ្ឍ។ យុវជន ក៏ត្រូវចាប់អារម្មណ៍ និងយកចិត្តទុកដាក់ឱ្យបានខ្លាំងបំផុតចំពោះការជ្រើសរើសមាគ៌ានេះ ព្រោះវាពាក់ព័ន្ធផ្ទាល់នឹងអនាគត របស់យុវជន និងអ្នកជំនាន់ក្រោយៗទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រើប្រាស់អាយុជីវិតរបស់សម្តេចផ្ទាល់ នៅក្នុងការដាក់ចេញ និងអនុវត្តនយោបាយឈ្នះ-ឈ្នះសម្រាប់ជាតិខ្មែរ។ អ្នកឈ្នះទាំងអស់គឺខ្មែរ ដោយទទួលបាននូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ផ្ទុយទៅវិញអ្នកនយោបាយល្មោភអំណាចមួយចំនួន បានប្រើប្រាស់អាយុជីវិតបងប្អូនប្រជាពលរដ្ឋ ធ្វើជាល្បែងនយោបាយបម្រើឱ្យមហិច្ឆិតាខ្មៅកខ្វក់របស់ខ្លួន និងបង្កវិនាសកម្មដល់ប្រទេសជាតិ និងប្រជាជន៕

To Top