ព័ត៌មានជាតិ

ទូតខ្មែរ​ នៅអេហ្ស៊ីប រៀបចំស្តង់ដាក់ តាំងពិព័រណ៍ ផលិតផលកម្ពុជា

ភ្នំពេញ៖ ស្ថានទូតកម្ពុជា ប្រចាំអេហ្ស៊ីប បានរៀបចំស្តង់​ ដាក់តាំងពិព័រណ៍ ផលិតផលកម្ពុជា នៅសណ្ឋាគារ Conrad Cairo Hotel ក្នុងទីក្រុងគែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ពិព័រណ៍នេះ មានការរៀបចំសហការ ដោយសមាគមភរិយាមន្ត្រីការទូតអាស៊ី។

ស្ថានទូតបាននាំយក​ ផលិតផលខ្មែរសំខាន់ៗមួយចំនួនមក ដាក់តាំង ក្នុងពិព័រណ៍រួមមាន៖ ម្រេចកំពត គ្រាប់ស្វាយចន្ទីកំពង់ចាម កាហ្វេមណ្ឌលគីរី គ្រឿងវត្ថុអនុស្សាវរីយ៍ធ្វើពីប្រាក់ និងផលិតផលសូត្រខ្មែរជាច្រើនទៀត។

ស្ថានទូតក៏បានដាក់បង្ហាញម្ហូបខ្មែរ​ ពីរមុខផងដែរ រួមមាន៖ការី សាច់មាន់ និងឆាគ្រឿងសាច់គោ។

ក្នុងពិព័រណ៍នេះដែរ លោកស្រី Eman Salah Hasaballah ភរិយានាយករដ្ឋមន្ត្រីអេហ្ស៊ីប និងលោកស្រីភរិយា​ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប បានផ្តល់កិត្តិយស ចូលទស្សនាស្តង់កម្ពុជា និងសរសើរការតុបតែង ស្តង់របស់កម្ពុជា ជាពិសេសនោះ គឺលោកស្រីទាំងពីរ សរសើរមិនដាច់ពីមាត់ ពីម្រេចកំពតកម្ពុជា។

ការតាំងពិព័រណ៍នេះ មានស្ថានតំណាងចំនួន២១ប្រទេស នៅតំបន់អាស៊ី អង្គការសង្គមស៊ីវិលមួយចំនួន និងមានការចូល រួមពីសំណាក់ភរិយាថ្នាក់ដឹកនាំ ក្រុមគ្រួសារ មន្ត្រីការទូតទាំង ១៥៧ស្ថានតំណាង ក្រុមគ្រួសារអង្គការអន្តរជាតិ-ជាតិ និងប្រជាជនអេហ្ស៊ីប ទូទៅចំនួនប្រមាណ ១៤០០០នាក់៕

To Top