ព័ត៌មានជាតិ

Breaking News: នាយករដ្ឋមន្រ្តី៖ តំណក់ប្រេងនៅកម្ពុជា នឹងលេចចេញជារូបរាង នាឆ្នាំ២០២០

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាសាធារណៈថា កម្ពុជានឹងបញ្ចេញតំណក់ប្រេង​ នៅឆ្នាំ២០២០ខាងមុខនេះ ប៉ុន្តែមិនទាន់ប្រកាសកាលបរិច្ឆេទេទេព្រោះ មិនចង់ឲ្យខុសដូចកាលពីឆ្នាំ២០១២ទេ ។

កាលពីឆ្នាំ២០១២ គឺក្រុមហ៊ុនផលិតប្រេង បានប្រកាសម្តងហើយ តែមិនជោគជ័យថា ចេញនៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២។

ក្នុងឱកាសអញ្ជើញ ចែកសញ្ញាបត្រដល់និស្សិត សកលវិទ្យាល័យ ធនធានមនុស្ស នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ បានមានប្រសាសន៍ថា “ខ្ញុំមិនទាន់ប្រកាស នូវការបរិច្ឆេទពិតប្រាកដ នៃតំណក់ប្រេងលើកដំបូងទេ ព្រោះខ្ញុំមិនចង់ឲ្យមានកំហុស ដូចកាលពីឆ្នាំ២០១២ ដែលពេលនោះខាងក្រុមហ៊ុន បានឲ្យយើងថា តំណក់ប្រេងដំបូង នឹងចេញនៅពេលណា ។ ឥឡូវតំណក់ប្រេងរបស់យើង នឹងចេញនៅឆ្នាំ២០២០ តែថ្ងៃខែជាក់លាក់ ខ្ញុំនឹងប្រកាសនៅពេល ក្រោយបន្ទាប់ពីការ ធ្វើការងារជាមួយក្រុមហ៊ុន ដែលកំពុងតែកសាងយ៉ាងមមាញឹក សម្រាប់ការបូមប្រេងដំបូងរបស់យើង” ។

សម្តេចបន្តថា កម្ពុជាមិនទាន់ប្រើប្រាស់ ធនធានធម្មជាតិទេ ដូចជាប្រេង ឧស្ម័នធ្យូងថ្ម ។ បច្ចុប្បន្នធ្យូងថ្មបានរកឃើញ នៅខេត្តឧត្តរមានជ័យ ហើយសម្តេចក៏បានឲ្យបង្កើត រោងចក្រនៅទីនោះតែម្តង ដើម្បីផលិតអគ្គិសនី។

ចំពោះរ៉ែមាសវិញ សម្តេចថា នឹងធ្វើអាជីវកម្ម ក្នុងខ្នាតមួយមានប្រាក់ចំណូលគួរសម ដែលវិនិយោគដោយក្រុមហ៊ុនអូស្ត្រាលី ។

ប៉ុន្តែសម្តេចបានបង្ហាញ ក្តីរំពឹងធំជាងគេ គឺតំណក់ប្រេងដែលអាច នឹងមាននៅពេលខាងមុខ ព្រោះខណៈ នេះកំពុងចរចាជាមួយភាគីថៃ អំពីតំបន់ត្រួតគ្នាដើម្បីអភិវឌ្ឍន៍រួម ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Kris Energy របស់សិង្ហបុរី កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ បានរួមសហការគ្នាឈានដល់ការចុះកិច្ចព្រមព្រៀង សម្រាប់ការអភិវឌ្ឍអណ្តូងប្រេងកាតក្នុងប្លុង A នៃដែនសមុទ្រកម្ពុជា។ ក្នុងកិច្ចព្រៀមព្រៀង រាជរដ្ឋាភិបាលកម្ពុជា កាន់កាប់ភាគហ៊ុនចំនួន៥ភាគរយ ចំណែកក្រុមហ៊ុន KrisEnergy កាន់កាប់ភាគហ៊ុន ៩៥%។

Kris Energy អះអាងថា នឹងធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសផលិតប្រេងកាត ដូចបំណង ។ ប្លុក A មានផ្ទៃក្រឡា១៩៨ គីឡូម៉ែត្រការ៉េ នៃទំហំទាំងមូលចំនួន ៣,០៨៣ គីឡូម៉ែត្រការ៉េ ស្ថិតក្នុងអាងសមុទ្រខ្មែរ ក្នុងតំបន់ឈូងសមុទ្រថៃ ដែលមានជម្រៅទឹកចន្លោះពី៥០ម៉ែត្រ ទៅ៨០ម៉ែត្រ។

ក្រុមហ៊ុន Kris Energy ធ្វើប្រតិបត្តិការដំណាក់កាលដំបូង 1A និង 1B អាចមានលើសពី ៣០លានបារ៉ែល ដែលមានរយៈពេលផលិតកម្ម៩ឆ្នាំ និងអាចឲ្យមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីជំរុញឲ្យកម្ពុជាក្លាយ ជាប្រទេសផលិតប្រេងឆៅពេលអនាគត ៕

To Top