ភ្នំពេញ ៖ សមាគម ប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរៀបចំកម្មវិធី អបអរសាទរ ទិវាអ្នកលក់ដូរ តាមដងផ្លូវអន្តរជាតិ ខួបលើកទី៧ ក្រោមប្រធានបទ “កិច្ចគាំពារសង្គម សម្រាប់អ្នកលក់ដូរ តាមដងផ្លូវនៅកម្ពុជា” ។
ទិវាអ្នកលក់ តាមដងផ្លូវ អន្តរជាតិ ត្រូវបានប្រារព្ធឡើង ចំនួន៦ដង រួចមកហើយ ចាប់តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ ដែលពិភពលោក បានប្រារព្ធទិវានេះ ។ ជាមួយគ្នានេះដែរ កម្ពុជាក៏បានប្រារព្ធ ទិវាអ្នកលក់ដូរ តាមដងផ្លូវអន្តរជាតិនេះ បានចំនួន ៤ដងមកហើយ គឺចាប់តាំងពីឆ្នាំ២០១៥ មក ។ សម្រាប់ខួបលើកទី៧ នេះ គឺជាលើកទី៥ ដែលអ្នកលក់ដូរ តាមផ្លូវនៅកម្ពុជា បានរួបរួមគ្នាប្រារព្ធឡើង ។
អ្នកលក់ដូរតាមដងផ្លូវ គឺជាកំលាំងពលកម្ម សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬបុគ្គលស្វ័យនិយោជន៏ ដែលបានចូលរួមចំណែក ក្នុងការបង្កើន សេដ្ឋកិច្ចជាតិដ៏សំខាន់ និងបានស្រូបយក កំលាំងពលកម្មក្នុងស្រុក កាត់បន្ថយការចំណាកស្រុក ដោយប្រថុយប្រថាន។
អ្នកលក់ដូរតាមផ្លូវ ក៏ដូចជាកម្មករដែរ ហេតុដូចនេះ ពួកគេត្រូវតែទទួលបាននូវការគោរពសិទ្ធិ ទទួលបានសិទ្ធិសេរីភាពសមាគម សិទ្ធិក្នុងការចងក្រង សិទ្ធិទទួលបានកិច្ចគាំពារសង្គម សិទ្ធិទទួលបានកន្លែងលក់ដូរ សមរម្យ ក្នុងទីសាធារណៈ និងមិនត្រូវមានការបៀតបៀន តាមរូបបែបផ្សេងៗ ឡើង ៕
ដោយ អេង ប៊ូឆេង