កីឡា

ក្រុមអត្តពលិកកម្ពុជា ៣០ប្រភេទកីឡា ចូលជួបសម្តែងការគួរសម និង ជម្រាប់លាសម្តេចតេជោ ហ៊ុន សែន ចេញបំពេញ បេសកកម្ម នៅហ្វីលីពីននៅរសៀលនេះ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីសមាសភាព តាមប្រភេទកីឡា កម្ពុជា ត្រូវបញ្ជូនឲ្យទៅចូលរួមប្រកួត នៅក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកទី៣០ នៅប្រទេសហ្វីលីពីនហើយ ដើម្បីចូលជួបសម្តែងការគួរសម និង ជម្រាប់លាសម្តេចតេជោ ហ៊ុន សែន ចេញបំពេញបេសកកម្ម ។

កីឡាចំនួន ៣០ប្រភេទ នេះមាន ១៧៦វិញ្ញាសារួម នឹងប្រតិភូ និងកីឡាករ កីឡាការិនី ចំនួន ៤០០នាក់ ។ ចំពោះ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ឆ្នាំនេះ នឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។

យោងតាមបញ្ជីឈ្មោះ ចុះហត្ថលេខាសម្រេច ដោយរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ហង់ជួន ណារ៉ុន បានឲ្យដឹងថាកីឡាទាំង ៣០ ប្រភេទ នោះមាន កីឡាបាល់ទះឆ្នេរខ្សាច់, បាល់ទាត់ U22, បាល់បោះ, អត្តពលកម្ម, ហែលទឹក, កាយសម្ព័ន្ធ, វាយកូនឃ្លីលើតុ, វាយសី, ទោចក្រយាន, គុនដាវ, វាយកូនគោល, ទូកក្ដោង, ការ៉ាតេ, យូដូ, ទ្រីយ៉ាត្លុង, កីឡារាំ, សូហ្វតិន្នីស, ទូកប្រពៃណី-ទូកកានូ, ឃីក-ប៊ុកស៊ីង (Kick-Boxing), E-Sports ,កីឡាហុកគី, តេក្វាន់ដូ WT, ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សកល, វាយកូនបាល់, ល្បុក្កតោ និងកីឡាចំបាប់ ។

នៅក្នុងចំណោម ៣០ប្រភេទកីឡានោះ កម្ពុជាមានជំនឿចិត្ត លើ៩ប្រភេទកីឡា ដែលមានសក្ដានុពល ក្នុងការដណ្ដើមយកមេដាយ ដូចជាប្រភេទកីឡា តេក្វាន់ដូ WT, ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សកល, វាយកូនបាល់, ល្បុក្កតោ និងកីឡាចំបាប់ ។

សូមបញ្ជាក់ថា កាលស៊ីហ្គេម លើកទី២៩ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមប្រទេសចំនួន១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយដណ្ដើមបានមេដាយមាស ៣គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ១២គ្រឿង ៕
ដោយ៖លី ភីលីព

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top