ព័ត៌មានជាតិ

លោក វន់ ពៅ សង្កេតឃើញថា អាជ្ញាធរផ្សារនៅបន្តយកលុយ ពីអ្នកលក់ដាក់កញ្ច្រែង កញ្ជើ ល្អី ផ្គើនសេចក្ដីសម្រេច របស់ប្រមុខរាជរដ្ឋាភិបាល

ភ្នំពេញ៖ ប្រធានសមាគមប្រជាធិបតេយ្យ ឯករាជ្យនៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ បានសង្កេតឃើញថា អាជ្ញាធរផ្សារនៅតែបន្ដ យកលុយពីអ្នកលក់ដូរដាក់ កញ្ច្រែង កញ្ជើ ល្អី ដដែលទោះបីរាជរដ្ឋាភិបាល បញ្ជាឲ្យអាជ្ញាធរទាំងអស់ បញ្ឈប់យកលុយ តាំងពីឆ្នាំ២០១៦មក។

សូមរំលឹកថា កាលពីឆ្នាំ២០១៦ រាជរដ្ឋាភិបាល បានចេញសារាចរ លុបចោលការបង់ថ្លៃភាស៊ី ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅទីកន្លែងលក់ដូរ និងទីផ្សារទូទាំងប្រទេសកម្ពុជា។ ការសម្រេចលុបចោលនេះ ដើម្បីកាត់បន្ថយនូវភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។

ក្នុងទិវា អ្នកលក់ដូរតាមដងផ្លូវអន្ដរជាតិ លើកទី៧ ក្រោមប្រធានបទ “កិច្ចគាំពារសង្គមសម្រាប់ អ្នកលក់ដូរតាមផ្លូវនៅកម្ពុជា” នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក វន់ ពៅ បានថ្លែងថា អាជ្ញាធរផ្សារ នៅពុំទាន់បានអនុវត្តឲ្យខ្ជាប់ខ្ជួន ចំពោះសារាចររបស់ រាជរដ្ឋាភិបាលឡើយ។

លោកមានប្រសាសន៍ថា “នៅឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាល សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានចេញសារាចរលេខ ១១ ស.រ ជូនអាជ្ញាធរគ្រប់ផ្សារទាំងអស់ ត្រូវតែបញ្ឈប់នៃការយកប្រាក់ពីអ្នកលក់ដូរ កញ្ច្រែង កញ្ជើ ល្អី។។ប៉ុន្ដែសារាចរនេះ អនុវត្តតែរយៈពេល៣ខែ ទៅ៦ខែប៉ុណ្ណោះ។រហូតដល់ឥឡូវគ្រប់ផ្សារទាំងអស់ នៅព្រះរាជាណាចក្រកម្ពុជា មិនបានអនុវត្តតាមសារាចរណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល លេខ ១១ ស.រ ឡើយ”។

បន្ថែមពីនេះ ប្រធានសមាគម សេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកឡើងថា អ្នកលក់ដូរតាមដងផ្លូវ បានចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិ តាមរយៈការ បង់ពន្ធ និងបង់ថ្លៃភាស៊ី។ ប្រធានសមាគមថា អ្នកលក់ដូរតាមដងផ្លូវ នៅកម្ពុជាសព្វថ្ងៃនេះ មាន ជាង១លាននាក់ ដូច្នេះ ពួកគាត់បាន បង់ពន្ធ និងបង់ថ្លៃភាស៊ី ចូលរដ្ឋ ដើម្បីធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិ កើនឡើងជារៀងរាល់ឆ្នាំ។

ប្រធានសមាគមរៀបរាប់ថា ស្ថានភាពបច្ចុប្បន្ន អ្នកលក់ដូរតាមដងផ្លូវ កំពុងតែជួបបញ្ហាប្រឈមមួយចំនួន ដូចជា គ្មានសុវត្ថិភាព លក់ក្នុងភក់ជ្រាំ គ្មានអនាម័យ គ្មានកន្លែងផ្ញើកូន គ្មានកិច្ចគាំពារសង្គម ទទួលនូវការបៀតបៀនគ្រប់រូបភាព ពីសំណាក់អាជ្ញាធរ ម្ចាស់ផ្ទះ និងក្រុមហ៊ុនវិនិយោគ ព្រមទាំងជួបប្រទះនូវការប្រកួតប្រជែង និងការបាត់បង់មុខរបរជាដើម។

ជាងនេះទៅទៀត ប្រធានសមាគម សេដ្ឋកិច្ចក្រៅប្រព័ន្ធប្ដេជ្ញា នឹងជំរុញឲ្យរាជរដ្ឋាភិបាល ត្រូវធ្វើយ៉ាងណាឲ្យ អាជីវករ និងអ្នក លក់ដូរតាមដងផ្លូវ ឲ្យពួកគាត់ទទួលបាន របបសន្ដិសុខសង្គម ដូច កម្មករ រោងចក្រដែរ៕

ដោយ៖ អេង ប៊ូឆេង

To Top