ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ ណែនាំឱ្យក្រុមហ៊ុនសាងសង់ផ្លូវ ត្រូវដាក់មន្ត្រីប្រចាំការ នៅតាមការដ្ឋាន ដើម្បីដោះស្រាយផលប៉ះពាល់ បានទាន់ពេលវេលា

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យក្រុមហ៊ុនចំនួន៨ ដែលទទួលខុសត្រូវ សាងសង់ផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ត្រូវដាក់មន្ត្រីប្រចាំការ នៅតាមការដ្ឋាននានា ដើម្បីដោះស្រាយផលប៉ះពាល់ បានទាន់ពេលវេលា និងរួមគ្នាដោះស្រាយជាកញ្ចប់ ទើបការងារស្ថាបនាផ្លូវប្រព្រឹត្តទៅរលូន តាមការគ្រោងទុក ។ នេះបើយោងតាម AKP ។

ការណែនាំរបស់លោក គួច ចំរើន នេះ បានធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំត្រួតពិនិត្យផលប៉ះពាល់អគ្គិសនី លើគម្រោងស្ថាបនាផ្លូវចំនួន ៣៤ខ្សែក្នុងក្រុង ខេត្តព្រះសីហនុ ដោយមានការចូលរួម ដោយក្រុមហ៊ុនចំនួន៨ ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ពន្ធក្នុងខេត្តព្រះសីហនុ ។

លោកអភិបាលខេត្តបានបន្តថា ក្រុមហ៊ុនស្ថាបនាផ្លូវទាំង៨ក្រុមហ៊ុន ផ្តល់លទ្ធផលសិក្សាវាស់វែង ឱ្យបាន លឿនបញ្ជូនមកខាងអគ្គិសនីខេត្ត និងមន្ទីរជំនាញ ដើម្បីយើងពន្លឿនកិច្ចការ បានទាន់ពេលវេលា ។ កិច្ចការទាំនោះមានដូចជា ចុះស្រង់ រកទីតាំងថ្មីបន្ទប់ភ្លើងចំនួន ០៨ តាមនិយាកាម ដើម្បីសម្រួលការងារស្ថាបនាផ្លូវ, ត្រង់ស្វូលើបង្គោលមាន ១៧៦គ្រឿង ត្រូវរកទីតាំងដោះស្រាយបន្ទាន់ , ពិនិត្យបង្គោលភ្លើងជាង ១.០០០ដើម រកទីតាំងបញ្ចៀសផលប៉ះពាល់ ដល់ក្រុមការងារស្ថាបនាផ្លូវទាំង៣៤ខ្សែ អោយបានលឿន ព្រោះការស្ថាននាផ្លូវទាំង ៣៤ខ្សែ នៅពេលខាងមុខ ជាគោលដៅទេសចរណ៍សម្រាប់ប្រជាពលរដ្ឋ ក៍ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តខេត្តព្រះសីហនុ។

តាមកិច្ចប្រជុំបានបង្ហាញថា ផលប៉ះពាល់ របស់អគ្គិសនីកម្ពុជា ខេត្តព្រះសីហនុ មានដូចជា ១.បង្គោល LV-9m ចំរុះ ចំនួន ៦៩២ដើម, ២.បង្គោល MV-12mចំរុះ ចំនួន ៦១៣ដើម, ៣.បង្គោល MV-14m ចំរុះ ចំនួន ២៥០ដើម, ៤.ខ្សែបណ្តាញអាកាស LV ប្រវែង ២២.៧១៥ម៉ែត្រ, ៥.ខ្សែបណ្តាញកប់ដី LV ប្រវែង ៤៥០ម៉ែត្រ, ៦.ខ្សែបណ្តាញអាកាស MV ប្រវែង ១៣៦.៩៤៩ម៉ែត្រ, ៧.ខ្សែបណ្តាញកប់ដី MV ប្រវែង ២១.០៨៥ម៉ែត្រ, ៨.Laod Breaking Switch ចំនួន ១៨គ្រឿង, ៩. Auto Recloser ចំនួន ១១គ្រឿង, ១០.តំណចុងកាប្លិ៍ ចំនួន ១២២តំណ, ១១.ត្រង់ស្វូរលើបង្គោល ចំនួន ១៧៦គ្រឿង, ១២. ទូរចល័តចំនួន ២៧គ្រឿង, ១៣.បន្ទប់ភ្លើង ចំនួន ០៩ខ្នង, ១៤ប្រអប់នាឡិកាស្ទង់ ចំនួន ១.៤៧៩ប្រអប់ ។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ។ផ្លូវចំនួន៣៤ខ្សែ ដែលត្រូវបើកការដ្ឋានសាងសង់នៅពេលនេះ គឺជាផ្លូវក្នុងក្រុងបែបប្រណីត ដែលនឹងបានបម្រើនៅវិស័យដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ដ៏សំខាន់ នៅក្នុងក្រុងព្រះសីហនុនេះជាពិសេស ក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភ័ណ្ឌភាព បរិស្ថានល្អ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ អ្នកទេសចរណ៍ និងអ្នកវិនិយោគ ជាពិសេសធានាបានគុណភាពខ្ពស់ រឹងមាំ ប្រើប្រាស់បានយូរអង្វែង ៕

To Top