ភ្នំពេញ ៖ គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នឹងរៀបចំកិច្ចប្រជុំលើកទី១៧ នៅថ្ងៃទី២០ វិច្ឆិកា ខាងមុខ ចាប់ពីម៉ោង៨ព្រឹក នាសាលប្រជុំក្រសួងមហាផ្ទៃ (អគារS) ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប។
យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.អ.ប នៅថ្ងៃទី១៨ វិច្ឆិកា នេះ បានឲ្យដឹងថា កិច្ចប្រជុំផ្តោត លើរបៀបវារៈសំខាន់ៗចំនួន៥ រួមមាន៖ទី១-ការពិនិត្យ និងអនុម័តលើសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំលើកទី១៦ របស់ គ.ជ.អ.ប។
ទី២-របាយការណ៍អំពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ របស់ គ.ជ.អ.ប។
ទី៣-ការពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ។
ទី៤-ការពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការផ្ទេរមុខងារក្នុងវិស័យសុខាភិបាល ទៅឲ្យរដ្ឋបាលរាជធានី-ខេត្ត។
និងទី៥-ការពិនិត្យពិភាក្សា និងអនុម័តលើផែនការសកម្មភាព សម្រាប់អនុវត្តអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រង រដ្ឋបាលស្រុក និងរដ្ឋបាលខណ្ឌ និងអនុក្រឹត្យស្តីពីការផ្ទេរមុខងារ ក្នុងវិស័យសុខាភិបាល ទៅឲ្យរដ្ឋបាល រាជធានី- ខេត្ត៕