នយោបាយ

លោក កឹម សុខា នឹងបន្តជួបទូត បែលហ្សិក ន័រវេស និងហ្វាំងឡង់ នៅថ្ងៃ២០ វិច្ឆិកា

ភ្នំពេញ៖ លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្រ្គោះជាតិនៅថ្ងៃទី២០ ខែ វិច្ឆិកាខាងមុខនឹងបន្តជួបជាមួយ លោក Philippe Kridelka ឯកអគ្គរាជទូតវិសាមញ្ញនិងពេញ សមត្ថភាពនៃរាជាណាចក្របែលហ្សិក (Belgium) ដែលមានស្ថានឯកអគ្គរាជទូតនៅទីក្រុងបាងកក ទទួលបន្ទុក រាជាណាចក្រថៃឡង់ដ៏ និង ព្រះរាជាណាចក្រកម្ពុជា,លោកស្រី Kjersti Rødsmoen ឯកអគ្គរាជទូតវិសាមញ្ញនិងពេញ សមត្ថភាពនៃរាជាណាចក្រន័រវេស (Norway) ដែលមានស្ថានឯកអគ្គរាជទូតនៅ ទីក្រុងបាងកក ទទួលបន្ទុករាជាណាចក្រថៃឡង់ដ៏ និង ព្រះរាជាណាចក្រកម្ពុជា,និងលោកស្រី Satu Suikkari-Kleven ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វាំងឡង់ (Finland) ដែលមានស្ថានឯកអគ្គរដ្ឋទូតនៅ ទីក្រុងបាងកក ទទួលបន្ទុករាជាណាចក្រថៃឡង់ដ៏ ព្រះរាជាណាចក្រកម្ពុជា និង ម៉ីយ៉ាន់ម៉ា។

លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា បានឲ្យដឹងតាមរយៈបណ្ដាញ សង្គមហ្វេសប៊ុកថាសម្រាប់ជំនួប ខាងលើនឹងធ្វើឡើងនៅគេហដ្ឋានរបស់លោក កឹម សុខា ផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមរំលឹកថា ក្រោយទទួលបាន ការបន្ធូរបន្ថយ លក្ខន្តិកៈត្រួតពិនិត្យផ្លូវច្បាប់និងបិទ បញ្ចប់ការស៊ើបសួពីបទសន្ឋិដ្ឋិភាព ជាមួយបរទេស លោក កឹម សុខា បានជួបជាមួយបណ្ដាអង្គទូត នៃប្រទេសមហាអំណាច នានាជាបន្តបន្ទាប់ រួមមាន៖ ឯកអគ្គរដ្ឋទូតអាមេរិក , ឯកអគ្គរដ្ឋទូតបារាំង , ឯកអគ្គរដ្ឋទូត សហព័ន្ធអាល្លឺម៉ង់, ឯកអគ្គរដ្ឋទូតអូស្ត្រាលី, ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប, ឯកអគ្គរាជទូតជប៉ុន, ឯកអគ្គរាជទូតអង់គ្លេស និងឯកអគ្គរាជទូតស្វីស ៕

To Top