នយោបាយ

ចិនស្វាគមន៍ទំនិញ ព្រមទាំងបន្ដគាំទ្រកម្ពុជា (វីដេអូ)

ភ្នំពេញ ៖ លោក DU Jiahao សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាធិការ គណៈកម្មាធិការ បក្សកុម្មុយនីស្តចិន ខេត្តយូណាន បានថ្លែងថា ចិនស្វាគមន៍ ចំពោះទំនិញកម្ពុជា ដែលនាំទៅចិន ជាពិសេស បន្ដគាំទ្រដល់កម្ពុជា ដើម្បីធ្វើយ៉ាងណា ឲ្យកម្ពុជាកាន់តែរីកចម្រើន បន្ថែមទៀត។

នេះបើតាមការលើកឡើង របស់លោកក្នុងជំនួប ពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លោករៀបរាប់ថា ខេត្តយូណាន មានផលិតនូវគ្រឿងចក្រ និងឧបករណ៍ល្បីៗ ដូចជា រថភ្លើងក្រោមដី រថភ្លើងល្បឿនលឿន សម្ភារៈសម្រាប់បម្រើក្នុងការ កសាងរចនាសម្ព័ន្ធក៏ ដូចជា ក្នុងវិស័យកសិកម្ម ដែលអាចសហការល្អជាមួយនឹងកម្ពុជា ហើយនឹងជួយហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងវិស័យកសិកម្ម នៅកម្ពុជាផងដែរ ។

លោក មានប្រសាសន៍ថា “ស្វាគមន៍ ចំពោះទំនិញកម្ពុជា នាំទៅកាន់ប្រទេសចិន រួមទាំងទៅខេត្តយូណាន ពិសេសជាទំនិញម្ហូបអាហារ និងផ្លែឈើជាដើម”។

បន្ថែមពីនេះ គណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តយូណាន នឹងជួយផ្សព្វផ្សាយការរីកចម្រើន របស់កម្ពុជា ទៅដល់ប្រជាជនចិន និងខេត្តយូណាន ហើយនឹងបន្តជំរុញឲ្យខេត្តយូណាន ពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកាន់តែល្អថែមទៀត ព្រមទាំងបន្តជួយគាំទ្រដល់កម្ពុជា ។

ចំណែក សម្ដេចតេជោ ហ៊ុន សែន លើកឡើងដែរថា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ កម្ពុជានឹងចាប់ផ្ដើមចរចាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងចិន-កម្ពុជា ដែលទាំងអស់នេះនឹងផ្ដល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជាតិ នៃប្រទេសទាំងពីរ ហើយក៏មិនគ្រាន់តែជាផល ប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផលប្រយោជន៍សម្រាប់ នយោបាយនៃប្រទេសទាំងពីរ។

សម្ដេចតេជោ បានបញ្ជាក់ថា ជោគជ័យរបស់ គណបក្សប្រជាជនកម្ពុជា កន្លងមកនេះគឺជាការយកចិត្តទុកដាក់របស់សមាជិកបក្សធ្វើយ៉ាងណាឲ្យសមាជិកមានទំនុកចិត្ត មានអារម្មណ៍ល្អ សាមគ្គីភាពផ្ទៃក្នុង និងស្មោះត្រង់ ដែលបានប្រែក្លាយសមាជិកបក្សម្នាក់ ជាសន្លឹកឆ្នោតមួយដល់បក្សផងដែរ ៕

ដោយ ៖ អេង ប៊ូឆេង

To Top