បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានមុខព្រួញ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ខេត្តឧត្តរមានជ័យ បានអញ្ជើញចុះពិនិត្យការងារ បង្កបង្កើនផលស្រូវប្រាំង ( លើកទី ២ ) ចំនួនជាង ៣ ម៉ឺនហិកតា នៅក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
លោក ជា ទី មេឃុំសឿ និងលោក រ៉ាត វីរ: អភិបាលរង ស្រុកមង្គលបូរី បានជម្រាបជូន លោករដ្ឋលេខាធិការថា យោងតាមការជូនព័ត៌មាន របស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានបង្ហាញថា ស្រុកមង្គលបូរី មានប្រភពទឹក សម្រាប់ការបង្កបង្កើន ផលស្រូវប្រាំង ចំនួន ៧.០០០ ហិកតា ។ ផ្អែកលើសក្តានុពលទឹក ដែលមាននេះ អាជ្ញាធរស្រុក ឃុំ បានធ្វើការប្រជុំផ្សព្វផ្សាយ ជាបន្តបន្ទាប់ជូនដល់ប្រជាពលរដ្ឋ ។ ប៉ុន្តែ លើស្ថានភាពជាក់ស្ដែង បងប្អូនប្រជាកសិករទូទាំងស្រុក បានផលិតស្រូវប្រាំងលើកទី ១ រហូតដល់ទៅជាង ៣ ម៉ឺនហិកតា និងបានប្រមូលផលទុកដាក់រួចរាល់អស់ហើយ ។ បន្ទាប់ពីប្រមូលផល ស្រូវប្រាំងលើកទី១ បងប្អូនក៏ចាប់ផ្ដើមបង្កបង្កើនផល ស្រូវប្រាំងលើកទី២ បន្តទៀត ។ ចំពោះមុខស្ថានភាពនេះ អាជ្ញាធរស្រុក ឃុំ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យធ្វើការបង្កបង្កើន ផលលើកប្រាំងលើកទី២ ព្រោះបើតាមមន្ទីរ ជំនាញបញ្ជាក់ថា និងមានការខ្វះខាតទឹក ប៉ុន្តែបងប្អូននៅតែបន្តធ្វើដដែល ហើយបច្ចុប្បន្ន ស្រូវប្រាំងលើកទី ២ នេះ មួយចំនួន កំពុងមានការប្រឈមមែន ។
ក្រោយពីបានចុះពិនិត្យលើស្ថានភាពជាក់ស្ដែង និងស្ដាប់របាយការណ៍របស់អាជ្ញាធរស្រុក ឃុំ លោករដ្ឋលេខាធិការ បានមានប្រសាសន៍ថា លោករដ្ឋមន្ត្រី បានបញ្ជាដល់លោក ក៏ដូចជាមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ត្រូវប្រឹងប្រែងឲ្យអស់លទ្ធភាព ដែលអាចធ្វើទៅបាន ក្នុងការជួយសង្គ្រោះស្រូវ របស់បងប្អូនប្រជាពលរដ្ឋ ហើយក្នុងនោះ ក៏ត្រូវគិតគួរឲ្យបានម៉ត់ចត់ផងដែរ ដល់ប្រភពទឹក ដែលត្រូវរក្សាទុក សម្រាប់ការប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ នារដូវប្រាំងខាងមុខ ៕