ព័ត៌មានជាតិ

ព្រះរាជប្រវត្តិ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី

ភ្នំពេញ៖ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។ ព្រះអង្គ បានទទួលការសិក្សានៅវិទ្យាល័យព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ ។ នេះបើតាមហ្វេសប៊ុក Royal du Cambodge។

សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងត្រូវជាព្រះរៀមបង្កើត នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ ព្រះអង្គ មានព្រះបុត្រាបុត្រីចំនួន ៥អង្គ គឺ
១/ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ មុនីកូស្សម៉ា ប្រសូតឆ្នាំ១៩៦០
២/ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ កល្យាណទេវី ប្រសូតឆ្នាំ១៩៦១
៣/ អ្នកអង្គម្ចាស់ក្សត្រី នរោត្តម ចាន់ស៊ីតា ប្រសូតឆ្នាំ១៩៦៥
៤/ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័ន្តណារិទ្ធ ប្រសូតឆ្នាំ១៩៦៨
៥/ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ វីជ្ជរ៉ាវុឌ្ឍ ប្រសូតឆ្នាំ១៩៧៨។

ព្រះអង្គ បានចូលហាត់របាំចាប់តាំងពីព្រះជន្ម ៥ព្រះវស្សា ទ្រង់ជាព្រះរាជនត្តាជាទីគាប់ព្រះរាជហឫទ័យ នៃសម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សេរីវឌ្ឍនា ព្រះមាតាសិល្បៈខ្មែរ ហើយតែងតែទទួលបានការទំនុកបម្រុង និងមើលថែរក្សាអំពីការហាត់របាំពីសំណាក់សាស្រ្តាចារ្យចំណាន នៃរជ្ជកាលក្សត្រជំនាន់មុនៗ។ ព្រះអង្គ បានក្លាយជានាដការីដ៏ប៉ិនប្រសព្វក្នុងព្រះជន្ម ១៥ព្រះវស្សា និងបានទទួលងារជា «នាដការឯក» ក្នុងព្រះជន្ម ១៨ព្រះវស្សា។

ព្រះអង្គ ត្រូវបានត្រាស់បង្គាប់ជា នាដការីដំបូងគេបំផុត សម្រាប់សម្តែងនូវ របាំអប្សរា ដែលតម្លើងដោយ សម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សេរីវឌ្ឍនា សម្រាប់ទទួលបដិសណ្ឋារកិច្ច នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ព្រះរាជាណាចក្រកម្ពុជារបស់លោក Charles de Gaulle ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នៅក្នុងឆ្នាំ១៩៦៤ និងក្រោយមកទៀតដោយទតឃើញពីភាពល្អឯកនេះហើយ ទើប ព្រះអង្គ ត្រូវបានប្រោសព្រះរាជទានដង្ហែព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ យាងទៅសម្តែងរបាំព្រះរាជទ្រព្យ ក្នុងដំណើរព្រះរាជទសន្សកិច្ចទោកាន់ក្រៅប្រទេស និងសម្តែងជូន ភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនផងដែរ។

ព្រះអង្គបានទទួលព្រះរាជក្រឹត្យតម្លើងព្រះគោរមងារជា «សម្ដេចរាជបុត្រី ព្រះរៀម» នាថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៤ និងទទួលតំណែងជា «ទេពនាថវដ្តីឯក» ពីព្រះរាជក្រឹត្យ ស្ដីពីការតែតាំងមត៌កមនុស្សរស់ នៃព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០១៣។

ព្រះអង្គ ជាសាស្ត្រាចារ្យរបាំបុរាណ ក្នុងក្របខណ្ឌក្រសួងអប់រំចន្លោះពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៧០។ ក្នុងរបប ប៉ុល ពត ព្រះអង្គ បានភៀសព្រះកាយទៅគង់នៅក្នុង ជំរុំជនភៀសខ្លួន ខ្មែរ-ថៃ មួយរយៈមុនបន្តទៅគង់រស់នៅប្រទេសបារាំង។ ព្រះអង្គ បានបង្ហាត់បង្រៀនជូនប្រជាជនខ្មែរ ដែល រស់នៅក្នុងជំរុំ Site B អំពីរបាំ ព្រះរាជទ្រព្យនេះ ដើម្បីឲ្យប្រជាជនទាំងនោះភ្លេចនូវ ការលំបាកពេលរស់នៅក្នុងជំរុំផង និងដើម្បីថែរក្សានូវរបាំព្រះរាជទ្រព្យនេះផង ព្រោះ ទ្រង់ បារម្ភខ្លាចបាត់បង់ពេលប្រទេសធ្លាក់ចូលក្នុងសង្គ្រាម ។

ក្រោយការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានសម្រេចយាងចូលប្រទេសកម្ពុជាវិញ ហើយបានកាន់តំណែងជា អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ ពីឆ្នាំ១៩៩១ ដល់ឆ្នាំ ១៩៩៣។ ក្នុងចន្លោះឆ្នាំ ១៩៩៣ ដល់ ១៩៩៨ ព្រះអង្គ ជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល ទទួលបន្ទុកផ្នែកវប្បធម៏ និងក្រោយមកកាន់តំណែងជា រដ្ឋមន្រ្តីក្រសួងវប្បធម៏ និងវិចិត្រសិល្បៈ ពីឆ្នាំ១៩៩៨ ដល់ ២០០៤ ។ ពីឆ្នាំ ២០០០ ដល់ ២០១៣ ព្រះអង្គ ជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន។ ទ្រង់ បានក្លាយជាសមាជិកព្រឹទ្ធសភា ពីឆ្នាំ២០០៤ ដល់ ២០១៦ និងជាមួយគ្នានេះជា សមាជិកកត្តិយស នៃសិល្បៈរបាំអន្តរជាតិពិភពលោក CID ។ ព្រះអង្គ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងនៅឆ្នាំ២០១៦ ជាសមាជិក នៃក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។
ស្នាព្រះហស្តដ៏សំខាន់ របស់ ទ្រង់ គឺការនាំឲ្យ មានការ បញ្ចូលរបាំព្រះរាជទ្រព្យ ចូលជាបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ នៅអង្គការយូណេស្កូ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ។ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្តីឯក គឺជាព្រះនិមិត្តរូប នៃរបាំព្រះរាជទ្រព្យខ្មែរ ពីព្រោះតែកាលពីអតីតកាល ក៏ដូចជាបច្ចុប្បន្ន ប្រជាជនខ្មែរដែលស្គាល់ ឬឮឈ្មោះរបាំព្រះរាជទ្រព្យ តែងតែនឹកឃើញជានិច្ចដល់ព្រះនាមរបស់ទ្រង់ ដែលជាអ្នកសម្តែងរបាំដ៏ប៉ិនប្រសប់នេះ រួមជាមួយសម្រស់ដ៏ស្រស់សោភា។ ទោះបីជាបច្ចុប្បន្ន ព្រះអង្គ មានព្រះជន្ម ៧៦ព្រះវស្សា និងឈប់សម្តែងក្តី ក៏ទ្រង់នៅតែបន្តរៀបចំក្រុមសម្តែងរបាំព្រះរាជទ្រព្យ ដើម្បីផ្សព្វផ្សាយឲ្យយុវជនជំនាន់ក្រោយបានដឹង និងជាពិសេសផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ។

រឿងរាជឥស្សរិយយស ដែលព្រះអង្គទទួលបានរួមមាន

  • ១៥ មីនា ២០០៦ : គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា
  • ២២ តុលា ២០០១ : គឿងឥស្សរិយយស សម្ដេចព្រះមហាក្ស័ត្រីយ៍ កុសុមៈ នារីរតន៍ សិរីវឌ្ឍនា
  • ១៦ ឧសភា ២០០១ : គ្រឿងឥស្សរិយស មុនីសារាភ័ណ្ឌ
    សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយព្រះរោគាពាធ៕
To Top