ព័ត៌មានជាតិ

កម្មវិធីបណ្ណាល័យខ្ញុំ ត្រូវបានលេចឡើងនៅ សាលាបឋមសិក្សា រការកោង២ សម្រាប់សិស្សានុសិស្ស សិក្សាស្រាវជ្រាវ

ភ្នំពេញ ៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្មវិធីសប្បុរធម៌មានឈ្មោះថា «បណ្ណាល័យខ្ញុំ» ត្រូវបានរៀបចំនៅ សាលាបឋមសិក្សារកាកោង២ ស្ថិតក្នុងភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូលខេត្តកណ្ដាល ខណៈដែលបណ្ណាល័យនៅទីនោះ មានតែបន្ទប់ទទេ និង សៀវភៅ១ចំនួនតូចប៉ុណ្ណោះ ។

កម្មវិធីនេះ ដឹកនាំរៀបចំដោយ លោកសាស្រ្តាចារ្យបណ្ឌិត ទ្រី ចាន់ធុច ព្រឹទ្ធបុរសសាលាក្រោយឧត្តមសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងជាប្រធានសមាគម អប់រំអូវើស៊ីកម្ពុជា និងលោកសាស្រ្តាចារ្យបណ្ឌិត កៅ ជូជុង ព្រឹទ្ធបុរសរងសាកលវិទ្យាល័យជាតិ កៅស៊ុង នៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងជាតំណាងសមាគមគីវ៉ានីស៍ ។

លោកសាស្រ្តាចារ្យបណ្ឌិត ទ្រី ចាន់ធុច មានប្រសាសន៍ថា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណង ចូលរួមរៀបចំបណ្ណាល័យមួយឱ្យមានសម្ភារៈសិក្សាគ្រប់គ្រាន់ កន្លែងអាន និងឧបករណ៍ស្រាវជ្រាវ ដើម្បីបណ្ដុះទម្លាប់អាន សិក្សា ស្រាវជ្រាវរបស់កូនសិស្ស កុមារា កុមារី ពីវ័យក្មេង ក្នុងកម្រិតបឋមសិក្សានេះឡើងទៅ ។

លោកសាស្រ្តាចារ្យបណ្ឌិត បញ្ជាក់ថា កម្មវិធីនេះបានមកពីការចូលរួមរបស់ស្ថាប័ន ចំនួន៥ រួមមាន៖ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប, សាកលវិទ្យាល័យជាតិ កៅស៊ុង នៃវិទ្យាសាស្ដ្រ និង បច្ចេកវិទ្យា, សមាគមអប់រំអូវើស៊ីកម្ពុជា, សមាគមគីវ៉ានីស៍កម្ពុជា និងសមាគមគីវ៉ានីស៍តៃវ៉ាន់ ដែលការរួមគ្នានេះ បង្កើតបានជា កម្លាំងមនុស្សធ៌ម ជួយដល់ក្មួយៗសិស្សានុសិស្ស ដែលមានការខ្វះខាតកន្លែងសមរម្យ និង ឯកសារ សិក្សាស្រាវជ្រាវ នេះគឺជាវប្បធ៌មចែករំលែកក្នុងការជួយគ្នា ទៅវិញទៅមក សម្រាប់អ្នកដែលមានលទ្ធភាព ត្រូវជួយដល់អ្នកទន់ខ្សោយ ខ្វះខាត យើងត្រូវតែចេះជួយគ្នាដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ ដែលជាសមាជិកសង្គមបានរីកចំរើនទៅព្រមៗគ្នា ។

លោកសាស្ដ្រាចារ្យបណ្ឌិត បានចាត់ទុកថា ជំនួយឧបត្ថម្ភនាពេលនេះជាការជួយសម្រួលការលំបាកខ្វះខាត ក្នុងការស្វែងរកឯកសារសម្រាប់សិក្សាស្រាវជ្រាវ និង ជាការលើកទឹកចិត្តដល់សិស្សានុសិស្សនៅទីនោះឲ្យខិតខំប្រឹងប្រែងរៀនសូត្របង្កើនចំណេះដឹង ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ឆ្ពោះទៅកាត់បន្ថយភាពក្រីក្រ។ លោកសាស្រ្តាចារ្យបណ្ឌិត បានណែនាំឲ្យសិស្សានុស្សិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ចាប់ពីថ្នាក់ដំបូងរហូតដល់ វិទ្យាល័យ និង បន្តទៅសាកលវិទ្យាល័យទៀតឲ្យបានគ្រប់គ្នា ព្រោះថា ការអប់រំមនុស្សត្រូវការពេលវេលាយូរអង្វែងទើបសម្រេចគោលដៅ។

លោកបណ្ឌិតបានពន្យល់ថា មានតែការសិក្សារៀនសូត្រប៉ុណ្ណោះដែលជួយខ្លួនយើង ឲ្យចេញផុតពីភាពល្ងង់ខ្លៅ និងទទួលបាននូវភាពថ្កុំថ្កើងរុងរឿង។ ចំណេះវិជ្ជា គឺជាវត្ថុដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន វាមិនត្រឹមតែធ្វើឲ្យមានការផ្លាស់ប្ដូរជីវិតរបស់ក្មួយៗ ជីវភាពក្រុមគ្រួសារ និង សហគមន៍ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំង រួមចំណែកផ្លាស់ប្ដូរ មុខមាត់ប្រទេសជាតិផងដែរ។

គួរបញ្ជាក់ថា អំណោយដែលនាំយកទៅបំពាក់នៅបណ្ណាល័យនោះរួមមាន ទូរទស្សន៍ ១គ្រឿង; ម៉ាស៊ីនចាក់ DVD១គ្រឿង; កង្ហារ ៤គ្រឿង; អំពូលភ្លើង ១៥; ខ្សែភ្លើង ៩០ម៉ែត្រ; កម្រាលផ្លាស្ទីក ៥៦ម៉ែត្រក្រឡា; ទូដាក់សៀវភៅ ១៣; សៀវភៅអាន ២៥៦ក្បាល; ខ្មៅដៃ ១៣៨៥ដើម និងសម្ភារៈសិក្សា ៤០ឈុត។ ជាមួយគ្នានេះ សិស្សានុសិស្សដែលបានចូលរួម ទទួលបាន ថវិកាម្នាក់ ៥ពាន់រៀល លោកគ្រូ អ្នកគ្រូ ចំនួន ១០នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល។ ក្រៅពីអំណោយខាងលើ ក្មួយៗសិស្សានុសិស្ស លោកគ្រូអ្នកគ្រូក៏ទទួលបាននូវ អាហារ ១ពេល ផងដែរ ៕

To Top