ភ្នំពេញ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានផ្តល់អនុសាសន៍សំខាន់ៗ ចំនួន២ចំនុច ដល់កីឡាករ កីឡាការិនី ទាំងអស់មុននឹងចេញទៅ ប្រកួតកីឡា SEA Games លើកទី៣០ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ ។
ផ្តល់អនុសាសន៍សំខាន់ៗ ចំនួន០២ចំនុច រួមនមាន៖
ទី១) សម្តេចតេជោនាយក រដ្ឋមន្ត្រីសូមឲ្យកីឡាករ កីឡាការិនីទាំងអស់ត្រូវគិតថាការប្រកួតចាញ់-ឈ្នះគឺជារឿង ធម្មតារបស់កីឡា ប៉ុន្តែសំខាន់បំផុតនោះ គឺត្រូវគោរពតាមច្បាប់នៃការប្រកួត របស់គណៈកម្មការកីឡានោះ មិនត្រូវបំពានគេឡើយ ។
ទី២) កីឡាករ-កីឡាការនីទាំងអស់ គឺត្រូវតែជៀសវាងការប្រើប្រាស់ សារធាតុលើកកម្លាំង ឬសារធាតុញៀនជាដើម ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងប៉ះពាល់ដល់កិត្តិយសជាតិ។
ក្នុងជំនួបនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី និងក្រុមប្រតិភូកីឡាករ កីឡាករិនីនាពេលនេះ មិនត្រឹមតែបង្កើនភាពស្និទ្ធស្នាល និងបង្ហាញពីការយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់កីឡាករ កីឡាការិនីគ្រប់រូបប៉ុណ្ណោះនោះទេ គឺថែមទាំងផ្ដល់នូវភាពកក់ក្ដៅ និងកម្លាំងចិត្តមួយដ៏ពិសេស សម្រាប់អត្តពលិកគ្រប់ប្រភេទកីឡា ក្នុងការពង្រឹងស្មារតី និងឆន្ទៈប្រកួតប្រជែងកាន់ តែមុះមុតថែមទៀតផង ។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំង ដែលបានអញ្ជើញជួបសំណេះសំណាលក៏ដូចជា ការជូនដំណើរដល់កីឡាករកីឡាការិនី និងគ្រូបង្វឹកទាំងអស់ដែលត្រូវទៅប្រកួតកីឡាកីឡា ស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន នាពេលខាងមុខនេះ។ សម្តេចតេជោនាយក រដ្ឋមន្ត្រី ពិតជាមានមោទនភាពចំពោះការរីកចម្រើននៃវិស័យកីឡារបស់ប្រទេសកម្ពុជាយើង ដែលកំពុងមានការរីកលូតលាស់យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់គ្រូបង្វឹក នៅតាមបណ្តាប្រទេសផ្សេងៗ ដែលបានជួយ បណ្តុះបណ្តាល បង្វឹកដល់កីឡាករ កីឡាការិនីយើង និងបានអរគុណដល់សហព័ន្ធកីឡា គណៈកម្មការ កីឡាជាតិអូឡាំងពិកកម្ពុជា និងផ្នែកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកក្នុងការជំរុញវិស័យកីឡានេះឲ្យមានការីកចម្រើន។
នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់ថវិកាលើកទឹកចិត្តដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹក ក្នុងម្នាក់ៗទទួលបានថវិការធ្វើដំណើរចំនួន ៥០០ដុល្លារ មុនចេញដំណើរទៅប្រកួត SEA Games លើកទី៣០នៅប្រទេសហ្វីលីពីន និងបានជូនពរដល់កីឡាករ កីឡាការិនីទាំងអស់ទទួលបាននូវភាពជោគនៃការប្រកួតនោះផងដែរ៕ដោយ៖បាន ធារ៉ូ