ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បាន ចាត់ទុក ឥណ្ឌូនេស៊ី ជាប្រទេសដ៏ធំមួយ ដែល មានសំឡេងខ្លាំង និងជួយជំរុញឲ្ យអាស៊ានទាំងមូលមានឥទ្ធិពល ខាងសេដ្ឋកិច្ច។
ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក Jusuf Kalla ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាល (CAPDI) និងជាប្រធានក្រុមប្រឹក្សាវប្បធម៌ អាស៊ី(ACC) និងជាអតីតអនុប្រធានាធិបតី ឥណ្ឌូនេស៊ី នៅរសៀល ថ្ងៃ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ចាត់ទុកប្រទេសឥណ្ឌូនេស៊ីជាប្រទេសធំមួយ ជាប្រទេសដែលមាន សំឡេងខ្លាំង ដែលបានជួយជំរុញឲ្យ អាស៊ានទាំងមូលមានឥទ្ធិពលក៏ដូចជាការជួយខាង សេដ្ឋកិច្ចដែលផ្តល់នូវ ការរីកចម្រើនក្នុងតំបន់អាស៊ានផងដែរ”។
ឆ្លៀតឱកាសនោះដែរ នាយករដ្ឋមន្ត្រី កម្ពុជា រំលឹកថា ក្នុងសម្ពោធបើកការដ្ឋានសាងសង់ផ្លូវ ចំនួន៣៤ ខ្សែក្នុងក្រុងព្រះសីហនុ បានចំណាយថវិកាជាតិរហូតដល់ទៅជិត៣០០លានដុល្លារ ដើម្បីជំរុញក្រុងព្រះសីហនុ អោយក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ដែលជួយជំរុញកំណើនសេដ្ឋកិច្ច ជាតិផង និងជួយជីវភាពរស់នៅរបស់ ប្រជាពលរដ្ធអោយកាន់តែធូរធា។
ចំណែក លោក Jusuf Kalla បានកោតសរសើរចំពោះ សម្ដេចតេជោ ដែលបានដឹកនាំប្រទេសមានការរីកចម្រើនឆាប់រហ័ស ជាពិសេស បច្ចុប្បន្នទីក្រុងភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនដោយឃើញ មានអាគារខ្ពស់ៗ ជាមួយនឹងសំណង់ថ្មីៗ និងសណ្ឋាគារទំនើបៗ ដែលផ្តល់ភាពងាយស្រួល ដល់ពលរដ្ឋរស់នៅ ក៏ដូចជាភ្ញៀវទេសចរ និងវិនិយោគគិនផងដែរ៕ដោយ អេង ប៊ូឆេង