នយោបាយ

សម្តេចតេជោ រំលឹកពីអតីត របស់ខ្មែរយ៉ាងជូតចត់ នៅចំពោះមុខ ថ្នាក់ដឹកនាំមកពី ពិភពលោក (វីដេអូ)

ភ្នំពេញ ៖ ថ្លែងនៅចំពោះមុខ ថ្នាក់ដឹកនាំពិភពលោក កិច្ចប្រជុំកំពូលអាស៊ី ប៉ាស៊ីហ្វិកលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានរំលឹកពីអតីត កាលក្នុងប្រវត្តិសាស្ត្រកម្ពុជា ធ្លាក់ចូលសង្គ្រាមឥណ្ឌូចិនពីឆ្នាំ១៩៧០-១៩៧៥ និងរបបប្រល័យពូជសាសន៍ ពីឆ្នាំ១៩៧៥- ១៩៧៩ ដោយបានបំផ្លិចបំផ្លាញ ដល់ឫសគល់នូវហេដ្ឋា រចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចជាតិ របស់កម្ពុជា ។

ប៉ុន្តែទោះ បីជាជួបបញ្ហាជូរចត់បែបនេះ ក៏សម្តេចបានអះអាងថា កម្ពុជាបានប្រឹងប្រែងងើបមកដោយខ្លួនឯង គ្មានការជួយពីបរទេសឡើយ តាំងពីឆ្នាំ១៩៩៨ រហូតមកដល់មាន សុខសន្តិភាពដល់សព្វថ្ងៃ ។

ក្នុងពិធីបើកកិច្ចប្រជុំកំពូល អាស៊ីប៉ាស៊ីហ្វិកលើកទី២ (2nd ASIA PACIFIC SUMMIT) នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចតេជោបានថ្លែងថា កម្ពុជាពេលនោះ បានប្រើប្រាស់ដៃម្ខាង សម្រាប់ការពារប្រទេសពីការវិលត្រឡប់ នៃរបបប្រល័យពូជសាសន៍ និងដៃម្ខាងទៀត ធ្វើការអភិវឌ្ឍប្រទេសជាតិឡើងវិញ ពីចំណុចសូន្យ ជាមួយនឹងការហ៊ុមព័ទ្ធ ខាងផ្នែកសេដ្ឋកិច្ច ពីខាងក្រៅដោយអយុត្តិធម៌ ។

សម្ដេចបន្ដថា ក្រោយថ្ងៃរំដោះ ៧ មករា សម្ដេចបានប្រមូលធនធានមនុស្ស ដែលសេសសល់ពីការកាប់ សម្លាប់មានប្រហែល ១០០ នាក់ប៉ុណ្ណោះ នៅទូទាំងប្រទេស ។ តាមរយៈនេះ កម្ពុជាបានប្រកាន់យកគោលការណ៍ “អ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិចបង្រៀនអ្នកមិនចេះ” ដើម្បីមកធ្វើការនៅក្នុងក្រសួង-ស្ថាប័នរដ្ឋ រៀបចំស្តារប្រទេសជាតិឡើងវិញ ពីបាតដៃទទេ ខណៈហេដ្ឋារចនាសម្ព័ន្ធ និងមូលដ្ឋានផលិតកម្មគ្រប់ប្រភេទត្រូវបានបំផ្លាញស្ទើរទាំងស្រុង ។

សម្ដេចមានប្រសាសន៍ថា “នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា សង្គ្រាមឥណ្ឌូចិនពីឆ្នាំ ១៩៧០-១៩៧៥ និងរបបប្រល័យពូជសាសន៍ពីឆ្នាំ១៩៧៥- ១៩៧៩ បានបំផ្លិចបំផ្លាញដល់ ឫសគល់នូវហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចជាតិ។ ថ្វីត្បិតរបបខ្មែរក្រហមត្រូវបានបញ្ចប់នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ ប៉ុន្តែសង្គ្រាមស៊ីវិល នៅក្នុងប្រទេសនៅតែបន្តអូសបន្លាយរហូត” ។

បន្ថែមពីនេះ សម្ដេចតេជោ ក៏បានរំលឹកទៀតថា ឆ្នាំ១៩៧៩ ពេលសម្ដេចមកដល់ទីក្រុងភ្នំពេញដំបូង បានជួបមនុស្សត្រឹមតែ៧០នាក់ប៉ុណ្ណោះ ហើយផ្លូវទាំងឡាយ គ្មានការធ្វើចរាចរណ៍ទេ ប៉ុន្ដែឥឡូវនេះ ស្ថានភាពបានផ្លាស់ប្ដូរអ្វីទាំងអស់ ។ ចំណុចនេះសម្ដេចចង់បញ្ជាក់ទៅកាន់មេដឹកនាំ មកពីពិភពលោកថា គឺកម្ពុជាបានចាប់ផ្ដើមពីបាតដៃទទេសុទ្ធសាធ ។

សម្ដេចតេជោ លើកឡើងទៀតថា កម្ពុជាទទួលទណ្ឌកម្មដល់អយុត្តិធម៌បំផុតពីសំណាក់ ប្រទេសមួយចំនួនរាប់ទាំងប្រទេសដែលតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ដែលពួកគេគាំទ្រប្រល័យពូជសាស្ដ្រប៉ុលពត ឲ្យអង្គុយនៅអង្គការសហប្រជាជាតិពីឆ្នាំ១៩៧៩-១៩៩១ ។

សម្ដេចបន្ថែមថា កម្ពុជាធ្លាប់បានជួបប្រទះរួចហើយ នៅពេលប្រទេសមួយចំនួនតាំងខ្លួនជាប្រទេស ប្រជាធិបតេយ្យ ប៉ុន្ដែគាំទ្ររដ្ឋប្រហារយោធា។ ប្រទេសតាំងខ្លួនជាប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ប៉ុន្ដែបែរជាគាំទ្រឲ្យពួកកាប់សម្លាប់ រំលោភសិទ្ធិមនុស្ស និងប្រល័យពូជសាស្ដ្រ ។ សម្ដេច សង្ឃឹមថា បទពិសោធន៍នៅកម្ពុជា គឺជាមេរៀនមួយសម្រាប់ប្រទេសដ៏ទៃ ។

នាយករដ្ឋមន្ដ្រីនៃកម្ពុជាបន្តថា ទោះបីកម្ពុជាសម្រេចបានសន្ធិសញ្ញាសន្តិភាពទីក្រុងបារីស នៅឆ្នាំ១៩៩១ និងបានរៀបចំការបោះឆ្នោតលើកទី១ ក្នុងឆ្នាំ១៩៩៣ ប៉ុន្តែសង្គ្រាមស៊ីវិលរ៉ាំរ៉ៃនៅតែបន្តរហូតហើយកត្តានេះ គឺជាមូលហេតុដែលជំរុញឲ្យកម្ពុជាដាក់ចេញនូវ “នយោបាយឈ្នះ-ឈ្នះ” ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបញ្ចប់សង្គ្រាមរ៉ាំរៃ ស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា ជាមួយ លក្ខខណ្ជា អាទិភាពសំខាន់ ៣ យ៉ាង រួមមាន ៖ទី១-ការធានាថា បុគ្គលគ្រប់រូបអាចបន្តរស់រានមានជីវិត , ទី២-ការធានាថាបុគ្គលគ្រប់រូបមានការងារ និងមុខរបរចិញ្ចឹមជីវិត និងទី៣-ការធានាការការពារនូវទ្រព្យសម្បត្តិរបស់ពួកគេទាំងអស់គ្នា។

នាយករដ្ឋមន្ដ្រីបញ្ជាក់ថា ការអនុវត្តដោយជោគជ័យនូវ “នយោបាយ ឈ្នះ-ឈ្នះ” នេះបានបញ្ចប់ជាស្ថាពរនូវសង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជា និងបាននាំមកនូវសន្តិភាពពេញលេញ ព្រមទាំងការឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងនៅចុងឆ្នាំ ១៩៩៨ ។ នេះ គឺជាសន្តិភាព និងការបង្រួបបង្រួមជាតិដែលសម្រេចបានមកដោយកម្ពុជាខ្លួនឯងផ្ទាល់ដោយគ្មានការបង្ហូរឈាម គ្មានការប្រើអាវុធ ឬគ្រាប់រំសេវ និងដោយគ្មានការបង្គាប់បញ្ជា ឬការជួយជ្រោមជ្រែងពីខាងក្រៅ។

នាយករដ្ឋមន្រ្តីអះអាងថា សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ហើយការអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាប័ន្ន គឺជាលក្ខខណ្ឌបាច់សម្រាប់ការពង្រឹង និងការធានានូវសុខសន្តិភាពនិងស្ថិរភាពសង្គម។ សន្តិភាពដែលកម្ពុជាមានបច្ចុប្បន្ន គឺជាបទពិសោធន៍មួយរបស់ប្រទេសកម្ពុជា ដែលធ្លាប់ត្រូវបានញាំញីដោយសារសង្គ្រាម ហើយបច្ចុប្បន្នកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទក៕ ដោយ ៖ អេង ប៊ូឆេង

To Top
×