ភ្នំពេញ : ដេីម្បីចូលរួមគោរពព្រះ វិញ្ញាណក្ខន្ធ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី អតីតរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាដួងព្រលឹង នៃរបាំព្រះរាជទ្រព្យកម្ពុជានៅថ្ងៃទី២០វិច្ឆិកា ស្អែកនេះក្រសួងទេសចរណ៍បានធ្វើការណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ ឌីស្តូតែករង្គសាល និងបៀរហ្គាឌិន នៅទូទាំងរាជធានីខេត្តត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល១ថ្ងៃ។
យោងតាមសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៩ វិច្ឆិកា នេះបានធ្វើ ការ ណែនាំ ដូចខាងក្រោម៖
១. ម្ចាស់ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ ឌីស្តូតែក រង្គសាល និងបៀរហ្គាឌិន នៅទូទាំងរាជធានីខេត្តត្រូវផ្អាក សកម្មភាពអាជីវកម្មរយៈពេល ១ថ្ងៃ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
២. ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម ភោជនីយដ្ឋាននិងអាហារដ្ឋាន ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹង។
៣ ប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ ខាងលើឱ្យអនុវត្តការផ្អាកអាជីវកម្មតាមសារាចរណែនាំនេះឱ្យមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់។
ក្រសួង ទេសចរណ៍ បញ្ជាក់ថាអាស្រ័យហេតុនេះ សូមលោក លោកស្រីអ្នកនាងកញ្ញា ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្ម ទេសចរណ៍ខាងលើ និង លោក លោកស្រី ប្រធានមន្ទីរទេសចរណ៍ រាជធានីខេត្ត ត្រូវអនុវត្តតាមសារាចរណែនាំ នេះឱ្យបានម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព ៕