ព័ត៌មានជាតិ

ថ្ងៃនេះជនរួមជាតិកម្ពុជា ទូទាំងប្រទេស កាន់ព្រះរាជមរណទុក្ខ ចំពោះការសោយព្រះពិរាល័យ នៃសម្ដេច រាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក (វីដេអូ)

ភ្នំពេញ៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាថ្ងៃកាន់ព្រះរាជមរណទុក្ខ ទូទាំងព្រះរាជាណាចក្រកម្ពុជា ចំពោះការសោយព្រះពិរាល័យ នៃសម្ដេច រាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក ។

រាជរដ្ឋាភិបាល បានចេញសារាចរណែនាំមួយ បានកំណត់យកថ្ងៃទី២០ ខែវិច្ឆិកា ជាថ្ងៃកាន់ព្រះរាជមរណទុក្ខជាផ្លូវការ និងណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាល នៃដងទង់ជាតិនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។ រាជរដ្ឋាភិបាលក៏បានណែនាំ ឱ្យគ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងការចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈ សប្បាយគគ្រឹកគគ្រេង នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

សូមរំលឹកថាសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយទិវង្គត ក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២៖៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។ ព្រះបរមសព នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក ត្រូវបានតម្កល់ នៅវត្តបុទុមវតីរាជវរារាមខាងជើង ដើម្បីប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន ទៅតាមព្រះរាជបវេណី។

សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះប្រសូត្រ នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ៕

To Top