ព័ត៌មានជាតិ

រដ្ឋសភា និងបង់ក្លាដេស ប្តេជ្ញាពង្រឹង ទំនាក់ទំនង ជំរុញកិច្ច សហប្រតិបត្តិការ គ្រប់វិស័យ

ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងលោកស្រី ហ្ស៊ីរិន ហ្សាមិន ចាវយូរី (Shirin Sharmin Chaudhury) ប្រធានរដ្ឋសភាបង់ក្លាដេស បានរួមគ្នាពង្រឹង កិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាទំាងពីរឲ្យរឹង មាំឡើងថែមទៀត ដើម្បីលើកកម្ពស់និងជំរុញ កិច្ចសហប្រតិបត្តិការ គ្រប់វិស័យដូចជា អប់រំ វប្បធម៌ ពាណិជ្ជកម្ម កសិកម្ម ដើម្បីកាត់បន្ថយភាពក្រីក្រ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ជាពិសេសទំនាក់ទំនង រវាងពលរដ្ឋ និងពលរដ្ឋ ។

ប្រធានរដ្ឋសភាប្រទេសទំាងពីរបានលើកឡើង ពីការជំរុញកិច្ចសហប្រតិបត្តិការនេះ ក្នុងជំនួបពិភាក្សាការងារនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

កម្ពុជា និងបង់ក្លាដេស បានភ្ជាប់ទំនាក់ទំនងគ្នានៅឆ្នាំ១៩៧៣។ ជាទំនាក់ទំនងដែលបង្កើតឡើងដោយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមរតនៈកោដ្ឋ នរោត្តម សីហនុ អតីតប្រមុខរដ្ឋកម្ពុជា និងអតីតប្រធានាធិបតីបង់ក្លាដេស លោក សេក្ខ មូជីបួរ រ៉ាម៉ាន់។ ឆ្នាំ២០២០ខាងមុខ បង់ក្លាដេសនឹងប្រារព្ធខួបទំនាក់ទំនងប្រទេសទំាងពីរ ដោយក្នុងឱកាសនោះ មហាវិថីមួយនៅបង់ក្លាដេសដែលដាក់ឈ្មោះ ព្រះនាមសម្តេចឪ នឹងត្រូវសម្ពោធជាផ្លូវការផងដែរ ។

លោកស្រី ហ្ស៊ីរិន ហ្សាមិន ចាវយូរី បានស្នើសុំសម្តេចប្រធានរដ្ឋសភា ជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភាប្រទេសទំាងពីរឲ្យបានញឹកញាប់ ជាពិសេសក្រុមមិត្តភាព។ ជាមួយគ្នានេះ លោកស្រីបានគោរពអញ្ជើញប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច ជាផ្លូវការនៅ បង់ក្លាដេស តាមពេលសមស្របណាមួយផងដែរ។
ប្រធានរដ្ឋសភា បានទទួលសំណើខាងលើ និងបានអបអរសាទរចំពោះសមិទ្ធផល ដែលបង់ក្លាដេសសម្រេចបាន ។ សម្តេច ហេង សំរិន មានប្រសាសន៍ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនៃប្រទេសទំាងពីរ មិនត្រឹមតែនាំមកនូវឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងសងខាងប៉ុណ្ណោះទេ គឺរួមចំណែកដល់ការការពារ និងថែរក្សាសុខសន្តិភាពក្នុងតំបន់ និងសកលលោកផងដែរ ៕ ដោយ ស សំណាង

To Top