ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹងជញ្ជូន បានជំរុញឲ្យអ្នកវិនិយោគចិន ចូលរួមសហការជា មួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីវិនិយោគលើ វិស័យអាទិភាពនៅកម្ពុជា ជាពិសេស វិស័យសាធារណការ និងដឹកជញ្ជូន ។
ក្នុងព្រឹត្តិការណ៍ជំរុញ ការវិនិយោគ និងពិព័រណ៍គ្រឿងចក្រ របស់ខេត្តហ៊ូណាន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា “លើកទឹកចិត្ត ដល់អ្នកវិនិយោគចិនទាំងអស់ ជាពិសេស អ្នកវិនិយោគមកពីខេត្តហ៊ូណាន ឲ្យចូលរួមសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីវិនិយោគលើវិស័យ អាទិភាពរបស់កម្ពុជា ជាពិសេសវិស័យ សាធារណការ និងដឹកជញ្ជូន” ។
លោករៀបរាប់ថា នៅកម្ពុជាមានគម្រោងជាច្រើន រួមមាន ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿន ផ្លូវតភ្ជាប់តំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែ ផ្លូវតាមតំបន់ព្រំដែន គម្រោងសាងសង់ផ្លូវដែកថ្មី ភ្នំពេញ-បាវិត ភ្នំពេញ-សៀមរាប និងសិរីសោភ័ណ-សៀមរាប គម្រោងតភ្ជាប់ផ្លូវដែកពីរាជធានីភ្នំពេញទៅកំពង់ផែស្វយ័តភ្នំពេញថ្មី គម្រោងសាងសង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ(MRT) ក្នុងរាជធានីភ្នំពេញ គម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្ម ឃ្លាំងចំណតកុងតឺន័រ និងផែស្ងួត គម្រោងសាងសង់កំពង់ផែទឹកសាបនៅតាមបណ្តោយទន្លេមេគង្គ និងទន្លេសាប គម្រោងសាងសង់ប្រព័ន្ធ និងស្ថានីយចម្រោះទឹកកខ្វក់ នៅខេត្តក្រុងធំៗ និងខេត្តជាប់សមុទ្រផងដែរ ។
លោកបញ្ជាក់ថា កម្ពុជាមានទីតាំងស្ថិតនៅចំកណ្តាលបេះដូង នៃភូមិភាគអាស៊ីអាគ្នេយ៍ដែលជាទីតាំងយុទ្ធសាស្រ្តដ៏ល្អប្រសើរមួយសម្រាប់ធ្វើជាមជ្ឈមណ្ឌលភស្តុភារកម្ម និងការតភ្ជាប់តំបន់ ហើយកម្ពុជាជាប្រទេសដែលមានធនធានធម្មជាតិដ៏សំបូរបែប រួមជាមួយនឹងកម្លាំងពលកម្មវ័យក្មេងជាច្រើនប្រកបដោយភាពឧស្សាហ៍ព្យាយាម និងស្វាហាប់ រួមទាំងមានច្បាប់វិនិយោគមួយដ៏ល្អប្រសើរ និងមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាភ្នាក់ងារវិនិយោគនៃច្រកចេញ-ចូលតែមួយសម្រាប់ការវិនិយោគ រួមទាំងមានការលើកទឹកចិត្តជាច្រើនផ្សេងទៀត។
បន្ថែមពីនេះ រដ្ឋមន្ដ្រីសាធារណការ ជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា និងចិន នឹងជំរុញឲ្យអ្នកវិនិយោគចិន ពិចារណានូវកាលានុវត្តភាព ជាច្រើនសម្រាប់ការវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជា ។ តាមរយៈព្រឹត្តិការណ៍នាថ្ងៃនេះ ទំនាក់ទំនងរវាងខេត្តហ៊ូណាន និងកម្ពុជា នឹងកាន់តែភាពល្អប្រសើរឡើងថែមទៀត ៕ ដោយ អេង ប៊ូឆេង