ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ សម្រេចបិទការដ្ឋានសំណង់អគារ ៤២ជាន់ ក្រោយដែកធ្លាក់បុកចំរថយន្ត

ភ្នំពេញ៖ បើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីគឺលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្រេចឲ្យម្ចាស់អគារ៤២ជាន់បិទការសាងសង់ ក្រោយពីមានការធ្វេសប្រហែលបណ្តាលឲ្យដែកធ្លាក់ចំ រថយន្តបង្កឲ្យខូចខាតជាដំណំ។

នៅម៉ោងប្រមាណជា ១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ មានហេតុការណ៍ភ្ញាក់ផ្អើល មួយបានកើតឡើងដោយសារធ្លាក់ដែកពីលើដំបូលអគារ៤២ជាន់ស្ថិតនៅស្តុបពេទ្យចិន ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ចំរថយន្តស៊េរីទំនើបមួយគ្រឿងកំពុងធ្វើដំណើរ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅរសៀលថ្ងៃទី២០ វិច្ឆិកា ថា “ក្រោយទទួលដំណឹងឯកឧត្តម អភិបាលរាជធានី បានសម្រេចបិទការដ្ឋានសំណង់ជាបឋម។ សំខាន់យើងសម្រេចបិទហើយ” ។

លោកថា ចំណែកក្រុមការងារ និងអ្នកជំនាញ ព្រមទាំងអាជ្ញាធរក្នុងមូលដ្ឋាននេះកំពុងចុះធ្វើនីតិវិធីបន្តទៀត ៕

ដោយ ម៉ៅ ដារាត់

To Top