នយោបាយ

សម្តេចតេជោថា សហភាពអឺរ៉ុប កំពុងធ្លាក់ចូលក្នុងវិបត្តិ (វីដេអូ)

ភ្នំពេញ ៖ ជាថ្មីម្តងទៀត ក្រោយពីអះអាងថា សហភាពអឺរ៉ុប (EU) កំពុងមានបញ្ហា ជាមួយបណ្តាប្រទេស ជាសមាជិកអាស៊ាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានថ្លែងថា អឺរ៉ុបកំពុងតែមានវិបត្តិហើយ ទាំងនយោបាយ និងសេដ្ឋកិច្ចជាដើម ។

គណៈកម្មការអឺរ៉ុប (EU) បានទុកពេលឲ្យកម្ពុជា១ខែ ដើម្បីបញ្ចេញប្រតិកម្មតប ក្រោយបញ្ចប់របាយការណ៍បឋម ស្តីពីការផ្អាក EBA បណ្តោះអាសន្ន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ នីតិវិធីនេះ ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជា ស្របពេល សហភាពអឺរ៉ុប នៅតែប្តេជ្ញាធ្វើការជាមួយអាជ្ញាធរកម្ពុជា កែលម្អពិតប្រាកដ និងគួរឲ្យទុកចិត្តលើបញ្ហា ដែលត្រូវព្រួយបារម្ភ គឺការចាំបាច់ចៀសវាងការដក EBA ។

ក្នុងឱកាសអញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២១ វិច្ឆិកា នេះ សម្តេចតេជោ បានមានប្រសាសន៍ថា អឺរ៉ុបបានធ្លាក់ចូលក្នុងវិបត្តិ ដោយសារមានបញ្ហាមកពីអាមេរិក ហើយនៅតំបន់អាស៊ីមានចិន និងឥណ្ឌាជាប្រទេសធំ សម្រាប់ទប់បញ្ហា ទើបធ្វើឲ្យស្ថានភាពល្អប្រសើរ។ តែអឺរ៉ុប ដែលអះអាងពីសិទ្ធិមនុស្សល្អក៏ជួបបញ្ហា។

សម្តេចថា លើកឡើងបែបនេះ មិនមែនមកពី EU ដាក់ទណ្ឌកម្មកម្ពុជា លើការដកប្រព័ន្ធអនុគ្រោះពន្ធ គ្រប់ប្រភេទទេ តែស្ថានភាពឃើញបែបនេះមែន ។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “យើងកុំភ្លេចបើអឺរ៉ុបរំជួយ វារំជួយស្ទើរតែត្រូវគ្រប់កន្លែង ។ យើងវិបត្តិនៅអាមេរិកធ្លាក់មកដល់អឺរ៉ុប ។ នៅអាស៊ីបានចិន និងឥណ្ឌាទប់ទល់។ កំណើនប្រទេសធំទាំងពីរនេះ បានធ្វើឲ្យអាស៊ីនៅរក្សាស្ថានភាពល្អប្រសើរ ។ អឺរ៉ុបក៏ធ្លាក់ចូលក្នុងវិបត្តិ ។ ឥឡូវអឺរ៉ុបមានបញ្ហាទាំងនយោបាយ សេដ្ឋកិច្ច មានបញ្ហាប្រឈមរឿងនេះ រឿងនោះច្រើន លើសតំបន់ដទៃទៀត” ។

សម្តេចនាយករដ្ឋមន្រ្តីអះអាងថា EBA ក៏តែបាត់ទេនៅពេលសេដ្ឋកិច្ចកម្ពុជា មានការរីកចំរើនក្នុងរង្វង់ឆ្នាំ ២០២៥-២០២៦ ដូច្នេះបើ EU តម្រូវឲ្យបង់ពន្ធ គឺត្រូវតែបង់ហើយ ។

សម្រាប់ EBA គឺសម្តេចតេជោបន្តថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយ តាំងពីខែមីនា ឆ្នាំ២០១៩មកម្ល៉េះ ព្រោះកម្ពុជាមិនអាចរក្សាពន្ធគ្រប់ប្រភេទនេះ ដើម្បីមកដោះដូរ ជាមួយអធិបតីភាពកម្ពុជាឡើយ ពោលគឺមិនអាចធ្វើតាមបានទេ។

សម្តេចតេជោបន្ថែមថា បើកាលណាបង់ពន្ធហើយ គឺពួកគេមិនអាចមកបន្ត គំរាមកំហែងកម្ពុជាបានទៀតទេ។ ប៉ុន្តែទោះបីជាយ៉ាងណា សម្តេចសង្កត់ធ្ងន់ថា គឺកម្ពុជាមិនចង់បាត់បង់EBAទេ តែធ្វើម៉េច បើគេតម្រូវឲ្យមកបែបនេះហើយ ។

បន្ថែមពីលើនេះទៀត សម្តេចបន្តថា “បើគេដក EBA គេឲ្យយើងបង់ពន្ធ យើងបង់ពន្ធឲ្យគេទៅ ព្រោះអាហ្នឹងវាគង់តែបាត់ដដែលទេ បើគេមិនអនុគ្រោះលើយើងហើយ។ បាត់ផ្សារនិងបាត់ EBAខុសគ្នា ។ EBA នៅពេលណាមួយវាគង់តែបាត់ទេ នៅពេលសេដ្ឋកិច្ចយើងកើនឡើង”។

សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា អឺរ៉ុបបានគំរាមកំហែង កម្ពុជា ហ្វីលីពីន និងមីយ៉ាន់លើសិទ្ធិមនុស្ស ។

សម្តេចតេជោក៏បាន ឲ្យពលរដ្ឋកម្ពុជាត្រៀមខ្លួន ព្រោះនេះមិនមែនជាលើកដំបូងសម្រាប់កម្ពុជាទេ ព្រោះពីអតីតកាលកម្ពុជា ត្រូវបានគេដាក់ទណ្ឌកម្មជុំទិស។

នាយករដ្ឋមន្រ្តី បានរំលឹកដល់ជនរួមជាតិថា កម្ពុជាគឺមិនអាចឲ្យបរទេស មកគ្រប់គ្រង់ជីពចររបស់ជាតិបានឡើយ។

ទន្ទឹងនឹងនេះដែរ សម្តេចតេជោ ឲ្យដឹងទៀតថា គ្រាន់តែចំណូលពន្ធគយនៅឆ្នាំ២០១៩នេះ អាចឡើងដល់៨០០លានដុល្លារ លើសពីចំនួនផែនការ ដូច្នេះគ្រាប់គ្រាន់សម្រាប់បំពេញ តម្រូវការក្នុងការបើកបើកប្រាក់ខែ ឲ្យបុគ្គលិករដ្ឋបានហើយ៕

To Top