ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការព្រួយបារម្ភពីចំនួនអ្នកដែល ទទួលបានងារជាបណ្ឌិតច្រើនហួសប្រមាណ តែគ្មានចំណេះដឹង និងសមត្ថភាពពិតប្រាកដ ខណៈសម្តេចបានស្នើឲ្យពង្រឹង គុណភាពថ្នាក់បណ្ឌិតឲ្យបានតឹងរឹង កុំចេះតែផ្តល់ងារជូន ។
ក្នុងពិធីសម្ពោធ “អគារឥន្ទ្រទេវី” របស់រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចតេជោបានបង្ហាញពី ក្តីបារម្ភទៅលើចំនួនបេក្ខជនជា ”បណ្ឌិត” ដែលមានច្រើនហួស សរុបទាំងចាស់ និងថ្មីមានប្រមាណជាង៦០០ នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជាដែលអាចចាត់ថា ជាប្រទេសដែលមានចំនួន “បណ្ឌិត” ច្រើនជាងគេនៅលើពិភពលោក បើប្រៀបធៀបនឹងចំនួនអត្រាប្រជាពលរដ្ឋ។
សម្តតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា «ទន្ទឹមនឹងការអបអរសាទរ ខ្ញុំហាក់ដូចជាមានកង្វល់ ទៅលើបេក្ខជនបណ្ឌិតច្រើនហួស បើសិនជាយើងមានបណ្ឌិតចំនួននេះ បន្ថែមទៀត បូកជាមួយចំនួនបណ្ឌិត ដែលបានបញ្ចប់ការសិក្សារួចហើយ ធ្វើឲ្យបណ្ឌិតដែលចេញពីរាជបណ្ឌត្យសភា ឡើងដល់ជាង ៦០០នាក់ ចាត់ទុកថាជាប្រទេសដែលមានបណ្ឌិត ច្រើនជាងគេបង្អស់ លើពិភពលោក គិតពីចំនួនប្រជាពលរដ្ឋ បណ្ឌិតច្រើនពេកហើយ! ចឹងចំណុចនេះក៏ជាចំណុច ដែលត្រូវពិនិត្យឲ្យបានច្បាស់» ។
សម្តេចតេជោមានប្រសាសន៍ថា ការទទួលបានងារជា “បណ្ឌិត” តែគ្មានចំណេះដឹង និងសមត្ថភាពពិតប្រាកដ គឺជាក្តីបារម្ភដ៏ធំបំផុតរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោថា ចំពោះអ្នកដែលគ្មានសញ្ញាបត្របណ្ឌិត តែបានខិតខំសិក្សាស្រាវជ្រាវ ដើម្បីទទួលបាននូវបទពិសោធន៍ និងចំណេះដឹងពិតប្រាកដបន្ថែម គឺត្រូវមានការទទួលស្គាល់ និងលើកទឹកចិត្ត។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា «យោងទៅតាមការស្នើសុំរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលជាប្រធានបណ្ឌិតសភាចារ្យ ស្នើមកខ្ញុំដើម្បីរក្សាតម្លៃ យើងស្នើផ្អាកត្រឹមប៉ុណ្ណឹងសិននេះ ជាវគ្គទី៣ យើងស្នើផ្អាកប៉ុណ្ណឹងសិន ឯចំពោះបញ្ហាទាក់ទិនជាមួយ នឹងការផ្តល់ដោយរាជបណ្ឌិត្យសភា និងរឿងរបស់រាជបណ្ឌិត្យសភា ធ្វើការជាមួយគ្នាទៅ ឯចំពោះការចេញ ដោយព្រះរាជក្រឹត្យ ដោយមានសំណើរបស់នាយករដ្ឋមន្ត្រី ចេញព្រះរាជក្រឹត្យ គឺសុំផ្អាកត្រឹមប៉ុណ្ណឹងសិន ប៉ុន្តែមិនមែនបិទនោះទេ»។
ដើម្បីពង្រឹងគុណភាពកម្រិត “បណ្ឌិត” នាយករដ្ឋមន្រ្តី បានស្នើឲ្យក្រុមប្រឹក្សារាជបណ្ឌិត្យសភា ត្រូវតែត្រួតពិនិត្យឲ្យបានច្បាស់លាស់ នូវគុណភាពបេក្ខជនដែលត្រូវ បញ្ចប់ថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា។ ចំពោះអ្នកណែនាំនិក្ខេបបទ ត្រូវមានសមត្ថភាពនិងលក្ខណៈសម្បត្តិ គ្រប់គ្រាន់មុននឹងក្លាយជា អ្នកណែនាំធ្វើនិក្ខេបបទដល់បក្ខជននីមួយៗ។
ជាមួយគ្នានេះដែរ សម្តេចតេជោ បានស្នើឲ្យរាជបណ្ឌិត្យសភាត្រូវតែពង្រឹង និងបង្កើនសមត្ថភាពចំពោះ ក្រុមប្រឹក្សាការពារនិក្ខេបបទ ហើយត្រូវពង្រឹងគុណភាពនៃការបោះឆ្នោតជាសំងាត់ដើម្បីធានា បេក្ខជននីមួយៗពិតជាមានចំណេះដឹង និងសមត្ថភាពច្បាស់លាស់ អាចជាប់និងក្លាយជា “បណ្ឌិត” បានពិតប្រាកដ ៕
ដោយ៖ ខា ដា