ភ្នំពេញ ៖ ក្រោយពេលសហភាពអឺរ៉ុប (EU) ចេញរបាយការណ៍បឋម ស្តីពី ការផ្អាកប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ លើកលែងតែអាវុធ (EBA) ដោយទុកពេល១ខែឲ្យកម្ពុជា ដោះស្រាយនោះ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានអះអាងថា រហូតមកដល់ពេលនេះ រោងចក្រនៅក្នុងប្រទេសកម្ពុជា បានដំណើរការធម្មតា គ្មានប្រែប្រួលអ្វីឡើយ។
សូមរំលឹកថាបច្ចុប្បន្នកម្ពុជា មានរោងចក្រកាត់ដេរ និងសហគ្រាស ជាង១ម៉ឺន ហើយបានផ្ដល់ការងារដល់ពលរដ្ឋកម្ពុជា ប្រមាណជាង១លាននាក់។ សម្រាប់ឆ្នាំ២០២០ខាងមុខ កម្មករដែលកំពុងបម្រើការ ក្នុងវិស័យវាយនភណ្ឌ រួមមាន ផ្នែក កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នឹងទទួលបានប្រាក់ខែគោល១៩០ដុល្លារ ក្នុង១ខែ។ ពោលគឺច្រើនជាង ប្រាក់ខែគោលក្នុងឆ្នាំ២០១៩ ចំនួន៨ដុល្លារ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ប៉ែន សុវិជាតិ បានឲ្យដឹងថា រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់បាត់ EBA នៅឡើយទេ។ គ្រាន់តែជារបាយការណ៍បឋមប៉ុណ្ណោះ ព្រមទាំងទុកពេលឲ្យកម្ពុជា១ខែ ដើម្បីប្រតិកម្មចំពោះការផ្អាក EBA។
លោកបន្ដថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេច បើមានការផ្អាក EBA ពីកម្ពុជា ក្រោមហេតុផលថា សេដ្ឋកិច្ចកម្ពុជា រៀងរាល់ឆ្នាំកើនឡើងឥតឈប់ឈរ ខណៈEBA នឹងបាត់ពីកម្ពុជាដោយខ្លួនឯង នាពេលខាងមុខបន្ទាប់ពីកម្ពុជា ចាកផុតពីប្រទេសក្រីក្រ។
លោក មានប្រសាសន៍ថា “យើងឃើញមកដល់បច្ចុប្បន្នហ្នឹង តើប្រាក់បៀវត្សរ៍ អប្បរមាយើងឡើងដល់ប៉ុន្មាន? ឡើងដល់កម្រិតមួយ ដែលទទួលយកបានជាអន្ដរជាតិហើយ ទាំងកម្មករ ទាំងអ្នកវិនិយោគិន”។
លោកបន្ថែមថា “ហើយពាក្យចចាមអារ៉ាមមួយចំនួនដែលថា ក្រុមហ៊ុនបញ្ជាទិញដកចេញ គឺជាពាក្យចចាមអារ៉ាម។ ជាក់ស្ដែង រោងចក្រកាត់ដេរទាំងអស់ នៅកម្ពុជាដំណើរការធម្មតា នៅផលិតដើម្បីនាំចេញធម្មតា ទីផ្សារនាំចេញ ត្រូវការទំនិញកម្ពុជា”។
ជាងនេះទៅទៀត ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ទីផ្សារអឺរ៉ុបខាងកើត ដូចជា កាណាដា ជប៉ុន សុទ្ធតែផ្ដល់ភាព អនុគ្រោះពន្ធដល់កម្ពុជា ហើយជាពិសេស ទីផ្សារអាស៊ាន ក៏ផ្ដល់ភាពអនុគ្រោះពន្ធដល់កម្ពុជាដែរ។ ដូច្នេះទំនិញរបស់កម្ពុជា មានទីផ្សារអន្ដរជាតិចាំទទួលយករហូត។
ជុំវិញបញ្ហា កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងកម្ពុជា-ចិន អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម មិនបានបកស្រាយអ្វីច្រើនឡើយ ដោយគ្រាន់តែបញ្ជាក់ថា កម្ពុជានឹងទទួលផលចំណេញជាច្រើន ពីកិច្ចព្រមព្រៀងនេះ៕ ដោយ៖ អេង ប៊ូឆេង