ភ្នំពេញ៖ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រគល់ ថវិកាចំនួន ១០,៨៩២,៤០៤ ដុល្លារ ដែលបានមកពីការបរិច្ចាគនានា ជូនមន្ទីរពេទ្យ គន្ធបុប្ផាដើម្បីចូលរួមធានាឲ្យនិរន្តរភាព នៃកិច្ចដំណើរការរបស់ មន្ទីរពេទ្យនេះ ។
យោងតាមសេចក្តីជូនដំណឹង របស់មូលនិធិគន្ធបុប្ផាកម្ពុជានៅថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ ២០១៩ បានឲ្យដឹងថាថវិកាចំនួន១០,៨៩២,៤០៤ ដុល្លារនេះ គិតរួមទាំងថវិកាចំនួន ៨៣៦,១៣៨ដុល្លារ ដែលលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិ គន្ធបុប្ផាកម្ពុជា បានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផានាពេលថ្មីៗនេះ ។
មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសនានា ក្នុងការចូលរួម ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាង របស់កម្ពុជា៕
ដោយ អេង ប៊ូឆេង