ភ្នំពេញ៖ លោកស្រី Kang Kyung-wha រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋកូរ៉េ បានគូសបញ្ជាក់ថា ពលករខ្មែរដែលស្នាក់នៅ និងធ្វើការងារនៅកូរ៉េ បានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់សាធារណរដ្ឋកូរ៉េ ។ នេះបើយោងតាម AKP ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៥ ខែវិច្ឆិកា បានឲ្យដឹងថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងការបរទេសខ្មែរ បានជួបពិភាក្សាទ្វេភាគី ជាមួយលោកស្រី Kang Kyung-wha រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋកូរ៉េ ។
ក្នុងជំនួបទ្វេភាគីនោះ លោកស្រី Kang Kyung-wha បានស្វាគមន៍លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងសម្តែងនូវការសោកស្តាយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មិនអាចអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួប អនុស្សាវរីយ៍អាស៊ាន-សាធារណដរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១ នៅទីក្រុងប៊ូសានបាន ដោយសារមាតាក្មេករបស់សម្តេចមានជំងឺធ្ងន់ធ្ងរដែលត្រូវការចាំបាច់នូវផ្សល់កម្លាំងចិត្ត និងការយកចិត្តទុកដាក់ពីក្រុមគ្រួសារ។ លោកស្រី ក៏បានពាំនាំនូវការជូនពរជ័យ ពីលោកប្រធានាធិបតី មូន ចែអ៊ុន ដែលជូនពរឲ្យមាតាក្មេករបស់ សម្តេចតេជោ ឆាប់ជាសះស្បើយពីជំងឺ។
លោក ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះលោកស្រី Kang Kyung-wha សម្រាប់ការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងការជូនពររបស់លោកប្រធានាធិបតី មូន ចៃអ៊ុន។ លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា សម្តេចតេជោ បានផ្តល់សារៈសំខាន់យ៉ាងខ្លាំង ចំពោះកិច្ចប្រជុំកំពូលទាំងពីរនេះ ពីព្រោះសម្តេចតេជោ គឺជាបុគ្គលដែលជំរុញយ៉ាងខ្លាំងក្នុងការឱ្យមានកិច្ចប្រជុំកំពូលរម្លឹកខួប អនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ និងជាអ្នកដែលផ្ដួចផ្ដើមឲ្យ កិច្ចសហប្រតិបត្តិការមេង្គ-សាធារណរដ្ឋកូរ៉េ ឈានឡើងដល់កម្រិតកិច្ចប្រជុំកំពូល។
លោកឧបនាយករដ្ឋមន្រ្ដីក៏បានរម្លឹកដែរថា ទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី មូន ចៃអ៊ុន នៅកម្ពុជា កាលពីដើមឆ្នាំកន្លងមកនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងបានរួមចំណែកធ្វើឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ កាន់តែស៊ីជម្រៅថែមទៀត។ លោកជឿជាក់ថា កិច្ចប្រជុំនៅក្នុងពេលនេះ នឹងរួមចំណែកធ្វើឲ្យកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីខ្ពស់ឡើង មួយកម្រិតថែមទៀត។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានស្នើសុំការគាំទ្រ និងមានកិច្ចសហប្រតិបត្តិការ ពីសាធារណរដ្ឋកូរ៉េ នៅក្នុងវិស័យកសិ-ឧស្សាហកម្ម និងដំណើរការវេចខ្ចប់កសិកម្ម។ ទន្ទឹមគ្នានេះលោកឧបនាយករដ្ឋមន្រ្ដី បានស្នើសុំឲ្យមានការគាំទ្រលើ គម្រោងព្រៃឈើចំនួនពីរ រួមមាន ការបង្កើតស្ថានីយ៍ដើមព្រៃឈើឡើងវិញ នៅខេត្តសៀមរាប និងការបង្កើនការគាំទ្រសម្រាប់ប្រតិបត្តិការ មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការព្រៃឈើមេគង្គ-សាធារណរដ្ឋកូរ៉េ។
ដោយឡែកចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម រដ្ឋមន្ត្រីការបរទេសទាំងពីរ បានស្វាគមន៍ការចុះហត្ថលេខា ស្តីពីការសិក្សារួមគ្នាលើតំបន់ ពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលនឹងជួយពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកាន់តែកើនឡើងថែមទៀត។ ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់កូរ៉េ សម្រាប់ការរួមចំណែក ដល់ការអភិវឌ្ឍនៅក្នុង វិស័យហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការបង្កើនកម្ចីសម្បទានពី ៣៥០លានដុល្លារ ដល់៧០០លានដុល្លារ សម្រាប់ឆ្នាំ២០១៩-២០២៣។ លោកក៏បានថ្លែងអំណរគុណដល់កូរ៉េ សម្រាប់ជំនួយចំនួន ១០លានដុល្លារ ដើម្បីប្រតិបត្តិការដោះមីននៅខេត្តចំនួនបី ដែលរងគ្រោះដោយសារគ្រាប់មីនធ្ងន់ធ្ងរ គឺខេត្តបាត់ដំបង ប៉ៃលិន និងខេត្ដបន្ទាយមានជ័យ។ ចំពោះវិស័យការងារវិញ លោកឧបនាយករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណដល់កូរ៉េ ដែលបានបង្កើនចំនួនកូតាពលករខ្មែរ ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ដែលមិនត្រឹមតែបានជួយឱ្យមានចំណូល ខ្ពស់សម្រាប់ពលករ និងគ្រួសាររបស់ពលករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយឲ្យពួកគេមាន ជំនាញខ្ពស់សម្រាប់ប្រកបរបរ នៅពេលត្រលប់ទៅកម្ពុជាវិញ។
ជាការឆ្លើយតប លោកស្រី Kang Kyung-wha ទទួលយកសំណើរបស់កម្ពុជាពាក់ព័ន្ធ នឹងគម្រោងព្រៃឈើ ដើម្បីដាក់ជូនឯកឧត្តមប្រធានាធិបតី។ សម្រាប់វិស័យពាណិជ្ជកម្មទ្វេ ភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ លោកស្រីបានបញ្ជាក់ថា បានឈានដល់ប្រមាណជិតមួយ ប៊ីលានដុល្លារអាម៉េរិក។
លោកស្រី គូសបញ្ជាក់ថា ពលករខ្មែរនៅកូរ៉េ បានរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចរបស់សាធារណរដ្ឋកូរ៉េ ។ ទន្ទឹមនេះ លោកស្រីបានធានា អំពីការបន្តជួយដល់វិស័យដោះមីននៅកម្ពុជា។ លោកស្រីក៏បានជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រី អំពីគម្រោងរៀបចំកិច្ចប្រជុំកំពូល ភាពជាដៃគូសម្រាប់កំណើតបៃតង (Partnership for Green Grow) នៅពាក់កណ្តាល ឆ្នាំ២០២០។
បន្ទាប់ពីជំនួបរបស់ប្រមុខការទូត នៃប្រទេសទាំងពីរ កម្ពុជានិងសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើឯកសារ សារសំខាន់ៗចំនួន៥ ដែលក្នុងនោះឯកសារចំនួន៣ត្រូវបានចុះហត្ថលេខានៅក្រោយកិច្ចប្រជុំ រវាងរដ្ឋមន្ត្រីក្រសួងការបរទេសទាំងពីរ។ ឯកសារចំនួនពីរផ្សេងទៀតចុះ ហត្ថលេខានៅក្រៅជំនួប ដែលឯកសារសំខាន់ៗទាំង៥នោះរួមមាន ១. កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា និងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេសពន្ធ និងការចៀសវាងពន្ធ។ ២. សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។ ៣. អនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។ ៤. អនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា គមនាគមន៍ និង ព័ត៌មាន។ ៥. សេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើម ការសិក្សារួមគ្នាលើលទ្ធភាពបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ ៕